សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារថ្លែងអំណរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះសារលិខិតជូនពរចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ព្រមទាំងបានគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន ភាពឈ្លាសវៃ និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការចូលរួមចំណែកដឹកនាំប្រទេសជាតិ ស្វែងរក និងថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការអនុវត្តយ៉ាងមានប្រសិទ្ធភាពខ្ពស់នូវ «នយោបាយឈ្នះ ឈ្នះ» និងការការពារបូរណភាពទឹកដីយ៉ាងរឹងមាំ។

សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់បន្ថែមអំពីការរួមចំណែកយ៉ាងសំខាន់របស់ សម្តេចពិជ័យសេនា ក្នុងការកសាង និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យសង្គមកិច្ច សាសនា វប្បធម៌ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ព្រមជាមួយនឹងការពង្រឹងកិត្យានុភាពជាតិឱ្យកាន់តែលេចធ្លោត្រដែតឡើងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕