ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទូរទស្សន៍រដ្ឋ និងឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ សរុបប្រមាណ ២០០រូប។
សិក្ខាសាលានេះមានរយៈពេលមួយថ្ងៃ ក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងស្របតាមការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។ សិក្ខាសាលានេះក៏ជាដំណាក់កាលដ៏សំខាន់មួយក្នុងការបន្តនីតិវិធីពិនិត្យ និងបញ្ចប់សេចក្តីព្រាងគោលនយោបាយ មុននឹងដាក់ជូនក្រសួងមុខងារសាធារណៈ និងរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចតាមនីតិវិធីជាធរមាន។
តាមរយៈការរៀបចំគោលនយោបាយនេះ កម្ពុជារំពឹងថានឹងមានគោលនយោបាយជាតិមួយដែលមានស្តង់ដារស្របតាមកម្រិតអន្តរជាតិ និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាសកល ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ចីរភាព ភាពធន់ និងបរិយាបន្ន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើននៃវិស័យទូរទស្សន៍ឌីជីថលនាពេលអនាគត៕









