សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗ នៅក្នុងតំបន់


(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនជប៉ុន បានសម្រេចចិត្តបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់។

ក្នុងឱកាសអញ្ជើញសម្ពោធប្រើប្រាស់​សមិទ្ធផលកែ​លំអហេដ្ឋារ​ចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុក ចំនួន៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ការសម្រេចចិត្តបែបនេះមិនមែនជារឿងចៃដន្យនោះទេ ពោលដោយសារបរិយាកាសអំណោយផល និងកត្តាអនុគ្រោះជាច្រើនទៀតរបស់កម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃមុនជប៉ុន ទើបសម្រេចចិត្តមកផលិតគ្រាប់ខ្ចៅផ្ដាច់មុខនៅកម្ពុជា គាត់ធ្លាប់បានសិក្សា៣ប្រទេស ប៉ុន្ដែក្រោយមកមកផ្ដាច់មុខនៅកម្ពុជា ដើម្បីចែកចាយក្នុងតំបន់នេះជាការវិនិយោគធំណាស់»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ទាំងអស់នេះគឺជាផលដែលប្រទេស និងប្រជាជនកម្ពុជាទទួលបាន តាមរយៈការទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសដទៃ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់លក្ខខណ្ឌអនុគ្រោះ ឬលក្ខខណ្ឌពិសេសណាមួយទើបធ្វើឲ្យការបណ្ដាក់ទុនវិនិយោគមានការកើនឡើងជាបន្ដបន្ទាប់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នៅពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនដែលមានបញ្ហាអស្ថេរភាព ទើបធ្វើឲ្យបណ្ដាអ្នកវិនិយោគផ្លាស់ប្ដូរមកកាន់ប្រទេសកម្ពុជា។ ប៉ុន្ដែស្ថានភាពពេលនេះ មានរោងចក្រមកបន្ដបណ្ដាក់ទុនវិនិយោគ ហើយក៏មានមួយចំនួនបានបិទទ្វារ ដែលនេះជារឿងធម្មតាក្នុងវិស័យវិនិយោគ តែបើកទ្វារបន្ដអាជីវកម្ម គឺច្រើនជាងបិទទ្វារ។

យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៦ពាន់កន្លែង។

ជាការកត់សម្គាល់ សកម្មភាព វិនិយោគក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យ កសិកម្មនិងកសិ ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។ សញ្ញាណនេះ បង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងក៏បានបង្ហាញពីការជឿទុកចិត្តពីសំណាក់ វិនិយោគិនលើបរិស្ថានវិនិយោគនៅកម្ពុជា៕