(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមរយៈការរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោកយ៉ាងទូលំទូលាយ។
ការលើកឡើងដូច្នេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ បានបង្ហាញសក្ដានុពលនៃប្រទេសកម្ពុជា តាមរយៈអ្នកចូលរួមផ្ទាល់នៃព្រឹត្តការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមកពី៥ទ្វីបដូចជា អឺរ៉ុបខាងលិច អឺរ៉ុបខាងកើត, អាស៊ី ឲ្យបានស្គាល់ប្រទេសកម្ពុជា។ កម្ពុជាជាប្រទេសតូចមួយ ប៉ុន្ដែអាចហៅថ្នាក់ដឹកនាំទាំងអស់មកបាន នេះពិតជាធំណាស់ក្នុងនាមជាប្រទេសមួយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា តាមរយ:កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះបានបង្ហាញពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដល់អ្នកដែលបានចូលរួមព្រឹត្តការណ៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឲ្យបានឃើញផ្ទាល់ពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈសំណង់អគារខ្ពស់ៗ និងទំនើប ហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រើប្រាស់យានយន្តទំនើបៗ ព្រមទាំងភាពរស់រវើកនៃ សកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះមានអ្នកចាប់អារម្មណ៍ពីប្រទេសកម្ពុជា ដោយគ្រោងនាំក្រុងគ្រួសារឲ្យមកស្គាល់ប្រទេសកម្ពុជាផងដែរ។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា គណៈប្រតិភូ៨១ប្រទេសរដ្ឋ ក្នុងនោះមានប្រមុខរដ្ឋាភិបាល១៧រូប ដែលជានាយករដ្ឋមន្រ្ដី និងប្រធានាធិបតី មិនតិចនោះទេគឺច្រើនជាងអាស៊ាន ក្នុងនោះក៏មាន២៣រូបជាឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដី ព្រមទាំងអនុរដ្ឋមន្រ្ដី ។ តាមរយៈការអញ្ជើញចូលរួមពីសំណាក់ប្រធានាធិបតី ដែលបានអញ្ជើញមកកម្ពុជា នឹងមានអ្នកសារព័ត៌មានតាមបណ្ដាប្រទេសនីមួយៗ អញ្ជើញចូលរួមផងដែរ ហើយតាមរយៈការអញ្ជើញចូលរួមរបស់អ្នកសារព័ត៌មានអន្ដរជាតិ នឹងមានការផ្សព្វផ្សាយពីប្រធានាធិបតី ឬនាយករដ្ឋមន្រ្ដី ហើយការផ្សព្វផ្សាយនេះក៏មានការផ្សព្វផ្សាយពីកម្ពុជាផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈការអញ្ជើញចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី ពីសំណាកប្រធានាធិបតី, នាយករដ្ឋមន្រ្ដីជាដើម នឹងមានការអញ្ជើញដើរកំសាន្ដ មើលភូមិវប្បធម៌, អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី, អញ្ជើញទស្សនារបាំខ្មែរ, អញ្ជើញទស្សនាស្បៃរបស់កម្ពុជា ការដើរលំហែរកាយរបស់ប្រធានាធិបតីក្នុងក្រុងភ្នំពេញ ដោយពោរពេញដោយសុខសុវត្ថិភាព មិនមានហានិភ័យជាដើម ការថតផ្សព្វផ្សាយពីសំណាក់អ្នកសារព័ត៌មាន តាមបណ្ដាប្រទេសនីមួយៗ នឹងនាំឲ្យប្រជាពលរដ្ឋជាច្រើន តាមបណ្ដាប្រទេសទាំងនោះ បានស្គាល់ពីប្រទេសកម្ពុជា ដែលកម្ពុជាជាប្រទេសមានសុវត្ថិភាព, កម្ពុជាមានអ្វីៗគ្រប់យ៉ាង ដែលពួកគេអាចមកលេង, មកវិនិយោគបាន ដោយគ្មានក្ដីបារម្ភ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជាអ្វីដែលយើងបាន តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ។ តាមរយៈការមានសុវត្ថិភាពនៃការដើរហើររបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយថ្មើរជើងនៅទីក្រុងភ្នំពេញ, ការដើរកំសាន្ដរបស់នាយករដ្ឋន្រ្ដីប៊ុលហ្គារី, ការជិះកង់ជុំវិញក្រុងភ្នំពេញ ដោយនាយករដ្ឋមន្រ្ដីជាដើម ទាំងនេះហើយដែលសបញ្ជាក់ពី សុខសុវត្ថិភាពនៃប្រទេសកម្ពុជា៕




























































