សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»


នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីជ្រើសតាំង សម្តេចជា«ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ដែលផ្តល់ដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ ពិធីនេះគឺធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបថ្នាក់ដឹកនាំក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀតផងដែរ។ ជាមួយនោះដែរ ក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Tourism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជក្មអឺរ៉ុប។
លោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton Caragea) បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរបុរសដែលដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យ ពីប្រទេសដែលគ្មានទេសចរអោយក្លាយមកជាប្រទេសដែលមានទេសចរជាង៥លាននាក់ក្នុង១ឆ្នាំ។ កាលពីឆ្នាំ ១៩៧៩ ផលិតផលក្នុងស្រុកមានត្រឹមតែជាងពីរពាន់លានដុល្លារ ហើយបានកើនជាបន្តរហូតដល់ ៥៤ពាន់លានដុល្លាររហូតមកដល់សព្វថ្ងៃនេះ។ ចំពោះការវិនិយោគបរទេសវិញគឺបានកើនពីសូន្យរហូតដល់១,៧ពាន់លានដុល្លារប្រចាំឆ្នាំ។ ដោយមានគំរូដ៏ល្អឥតខ្ចោះក្នុងការដឹកនាំនេះហើយទើប សម្តេចតេជោ ត្រូវបានជ្រើសតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្តរជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត។
ចំណែកលោកបណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានមានប្រសាសន៍ថា ការចុះបញ្ជីរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក យើងបានយកចេញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសមិទ្ធផលមិនគួរឲ្យជឿនៃរយៈពេល៣០ឆ្នាំចុងក្រោយ ក្នុងកម្មវិធីការពារវប្បធម៌ និងបេតិកភណ្ឌ ការធានាការអភិរក្ស អភិវឌ្ឍន៍ និងការលើកកម្ពស់សាសនា ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗទៀត។ រាជធានីភ្នំពេញ កំពុងបង្ហាញនូវកិត្តិស័ព្ទ និងលក្ខណៈពិសេសរបស់ខ្លួនតាមរយៈ ទេសភាពនៃវប្បធម៌ ប្រកបដោយភាពចម្រុះគ្នា ដែលមានលាយឡំដោយធនធានធម្មជាតិ និងវប្បធម៌។ រាជធានីភ្នំពេញ គឺជាតំបន់ដ៏វិសេសវិសាលមួយ ដែលរួមបញ្ចូលនូវបរិបទធម្មជាតិ ដែលជាចំណុចប្រសព្វនៃទន្លេទាំងបី គឺទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលជាទន្លេតែមួយគត់លើពិភពលោក ដែលហូរឡើងទៅលើ (ហូរបញ្ច្រាស)រយៈពេល៦ខែក្នុងមួយឆ្នាំ។ ទេសភាពធម្មជាតិដ៏ល្អឥតខ្ចោះនេះបានក្លាយទៅជាទីកន្លែងវប្បធម៌ដ៏មានភាពសម្បូរបែបមួយដែលរួមបញ្ចូលទាំងសាសនានិងកេរ្តិ៍ដំណែលបេតិកភណ្ឌជាតិដូចជា វត្តឧណ្ណាលោម ដែលមានទីសក្ការៈបូជា សម្រាប់ឧទ្ទិសបូជាដល់ព្រះពុទ្ធសាសនា ហើយចាត់ទុកថា ជាទីអាសនៈនៃព្រះពុទ្ធសាសនាកម្ពុជា និងបានប្រារព្ធពិធីបុណ្យជារៀងរាល់ឆ្នាំក្រៅពីនោះ រាជធានីភ្នំពេញក៏មានកន្លែងគោរពសាសនាផ្សេងៗជាច្រើនទៀតផងដែរ។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងដែលត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ហើយសម្តេចតេជោក៏សូមថ្លែងអំណគុណចំពោះក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុបដែលបានជឿជាក់មកលើប្រទេសកម្ពុជាជាមួយគ្នានេះសម្តេចក៏បានអរគុណផងដែរចំពោះការផ្តល់ជ័យលាភីរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Tourism» ។
សម្តេចតេជោហ៊ុនសែនបានវាយតំលៃខ្ពស់និងកោតសរសើរចំពោះការខិតខំប្រឹកប្រែងរស់ក្រសួងទេសចរណ៍។ សម្តេចតេជោ បានដាក់ចេញគន្លឹះសំខាន់ៗចំនួន ៣ ក្នុងការអភិវឌ្ឍរីកចម្រើនលើវិស័យទេសចរណ៍៖
ទី១)សុខសន្តិភាពគឺជាកត្តាសំខាន់ធ្វើអោយប្រទេសជាតិឈានការរីកចម្រើនបើប្រទេសមានសង្គ្រាមមិនមានការអភិវឌ្ឍនិងរីកចម្រើនដែរ។កន្លងមកកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមកាប់សំលាប់ជិវិតមនុស្សអស់ជាច្រើន ដូចច្នេះ កម្ពុជាត្រូវតែការពារ និងរក្សាសន្តិភាពអោយបាន។
ទី២)បន្តរួមគ្នាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងការជួយដល់សេដ្ឋកិច្ចជាតិដូចច្នេះត្រូវអោយមានការចូលរួមគ្រប់ភាគីទាំងអស់ សូមអោយក្រសួងទេសចរណ៍ រៀបចំវេទិកាថ្នាក់ជាតិ អន្តរជាតិ ដើម្បីអោយវិស័យនេះកាន់តែមានសក្តានុពលថែមទៀត។
ទី៣) យើងបន្តធានាអោយបានជាផលវិជ្ជមានរវាងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផ្សេងៗដូចជា សហគមទេសចរណ៍ បណ្តាញផ្សព្វផ្សាយ ដើម្បីជំរុញវិស័យនេះអោយកាន់តែទូលំទូលាយ។
តាមរយៈជ័យលាភីនេះរិតតែធ្វើអោយព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពល្បីល្បាញ និងបន្តជំរុញអោយកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ជ័យលាភី និងតួនាទីនេះមិនមែនសម្រាប់តែ សម្តេចតេជោ តែម្នាក់ប៉ុណ្ណោះទេ គឺសម្តេចសូមចែករំលែកនូវជ័យលាភី និងតួនាទីនេះទៅជនរួមជាតិទាំងអស់ និងមន្ត្រីស្ថាប័នពាក់ព័ន្ឋទាំំងអស់ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញទទួលនូវមេដាយសរសើរជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ដែលផ្តល់ដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ក្នុងបរិយាកាសរីករាយក្រៃលែង៕