កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាអបអរសាទរនឹងចំណាត់ការទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ


កិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិ ICC-Angkor បានចាប់ដំណើរការហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយផ្តើមចេញពីកិច្ចប្រជុំបច្ចេកទេសលើកទី២៩ ផ្តោតសំខាន់លើការតាមដានរបាយការណ៍បច្ចេកទេសនៃក្រុមគម្រោងនានា ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធាននៃប្រទេសបារាំង និងជប៉ុន។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានបង្ហាញនូវការអបអរសាទរគាំទ្រ នូវចំណាត់ការទប់ស្កាត់ការរីករាលដាលនៃសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គររបស់គណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប។ “ខ្ញុំសូមចូលរួមអបអរសាទរចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ដែលបានជម្នះឧបសគ្គទប់ស្កាត់ការរីករាលដាលនូវសំណង់ខុសច្បាប់យ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ”។

លោកស្រីថ្លែងថា ការថែរក្សារមណីយដ្ឋានអង្គរ គឺចាំបាច់ណាស់ថែរក្សាឲ្យបាននូវបូរណភាព និងយថាភាពនៃអង្គរ ជាពិសេស គឺតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។ “យើងទទួលស្គាល់ថា កំណើនប្រជាជនក្នុងតំបន់អង្គរបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ។ ដូច្នេះ ការទប់ស្កាត់នូវសំណង់ខុសច្បាប់គឺត្រូវតែច្បាស់លាស់ ដើម្បីថែរក្សាឲ្យបាននូវតម្លៃបេតិកភណ្ឌអង្គរដែលរួមទាំងប្រពៃណី ទេសភាពវប្បធម៌ និងអ្វីៗគ្រប់យ៉ាងដែលជាតម្លៃដើមនៃរមណីយដ្ឋានអង្គរ”។

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កំពុងតែដំណើរការកិច្ចប្រជុំរបស់ខ្លួន ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ ជាកិច្ចប្រជុំបច្ចេកទេសលើកទី២៩ និង១៤ ជាកិច្ចប្រជុំពេញអង្គលើកទី២៤ ខែធ្នូនេះ នៅសាលប្រជុំនៃអាជ្ញាធរជាតិអប្សរា។ អង្គប្រជុំនាពេលនេះមានអ្នកជំនាញជាតិ និងអន្តរជាតិ រួមទាំងអ្នកចូលរួមប្រមាណជាង៣០០នាក់៕