លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក


រសៀលថ្ងៃ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើទឹកដីសៀមរាប។
លោកជំទាវបានមានប្រសាន៍ថា ៖ ព្រឹត្តិការណ៍នេះ ធ្វើឡើងមិនត្រឹមតែដើម្បីអបអរសាទរខួបលើកទី២៥ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូប៉ុណ្ណោះទេ គឺបានបង្ហាញពីមោទនភាពជាតិ និងកិត្យានុភាព និងការលើកតម្កើងតម្លៃសម្បតិ្តបេតិកភ័ណ្ឌ វប្បធម៌កម្ពុជា នៅលើឆាកអន្តរជាតិ និងសកលលោកទាំងមូលផងដែរ។ ជោគជ័យដ៏ធំធេងនេះមិនមែនជាការចៃដន្យនោះទេ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងថែរក្សា និងអភិរក្សពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវប្បធម៌ និងបេតិកភណ្ឌជាតិ។ លើសពីនេះទៀត នេះក៏ជាការបញ្ជាក់យ៉ាងច្បាស់ពីការសម្តែងនូវកត្តញ្ញុតាធម៌ និងគុណូបការៈចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់កម្លាំងកាយចិត្ត និងស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង។
លោកជំទាវក៏បានក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋ និងវិស័យឯកជនមេត្តាគោរពទៅតាមបទដ្ឋាននានា កុំឲ្យវិស័យទេសចរណ៍បំពានលើវប្បធម៌ ត្រូវយកវប្បធម៌ ពង្រីកវិស័យ ទេសចរណ៍ ទើបធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តភាព៕