កាលពីល្ងាចថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីបញ្ចប់ការងារ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណអភិបាលខេត្តបានឆ្លៀតចុះពិនិត្យមើលផ្លូវបេតុង ដែលកំពុងសាងសង់ថ្មី នៅក្នុងភូមិវត្តបូរព៌ និងភូមិបន្ទាយចាស់ ក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាប។
ផ្លូវបេតុងនេះមានទទឹង ៦ម៉ែត្រ ប្រវែង ១៦៨០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តសៀមរាប។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតបានជួបបងប្អូនប្រជាពលរដ្ឋជួបសំណេះសំណាលជាមួយប្រជាជនដែលរស់នៅក្នុងតំបន់នេះ ដែលពួកគាត់កំពុងតែជប់លៀងអបអរសាទរ សប្បាយរីករាយជាមួយនឹងសមិទ្ធផលផ្លូវសាងសង់ថ្មីនេះ។
ក្នុងការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនេះដែរ ឯកឧត្តមបណ្ឌិតក៏បានថ្លែងថាផ្លូវបេតុងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗ ទៅកាន់ទីផ្សារ៕