លោកជំទាវ បាន ស្រីមុំ ផ្តល់អាវរងាចំនួន ៦០០អាវ ជូនដល់ប្រជាពលរដ្ឋរស់នៅជនបទក្នុងភូមិចំនួន ៧ភូមិ នៃសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន


នៅល្ងាច ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីចុះជួយប្រមូលទិន្នផលប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៦០០នាក់រស់នៅជនបទស្រែចំការ ដែលអញ្ជើញមកពីភូមិចំនួន ៧ នៃសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបានផ្តល់អាវរងាជូនដល់លោកយាយ លោកតា ពុកម៉ែ បងប្អូន កូនក្មួយ ទាំង៦០០នាក់ផងដែរ។

ក្នុងនាមលោកជំទាវ ជាអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា តែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជានិច្ច។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនាពេលនេះ លោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីរលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចសូមឲ្យលោក​ឪពុក អ្នកម្តាយ បងប្អូន កូនក្មួយទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ហើយស្លៀកពាក់ខោអាវរងារការពារខ្លួនអោយបានជាប់កុំអោយមានជំងឺតម្កាត់ផ្សេងៗ ដោយរដូវនេះជារដូវត្រជាក់។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្នុងរដូវត្រជាក់ម្តងៗ លោកជំទាវ អ្នកតំណាងរាស្រ្ត បានចុះជួបដោយផ្ទាល់ និងផ្តល់អាវរងាជូនដល់លោក លោកតា បងប្អូន កូនក្មួយរស់នៅជនបទស្រែចំការនៅទូទាំងខេត្តប៉ៃលិនផងដែរ។