កិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន


ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការងារសាងសង់បណ្តាញលូ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ការងារដឹក ជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងការត្រៀមលក្ខណៈរៀបចំពិធីសន្និបាតបូកសរុបការងារលើវិស័យ សាធារណការ និងដឹកជញ្ជូនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨។

មុនចាប់ផ្តើមរបៀបវារៈនៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃ គម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទីបី គម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅស្ទឹងហាវ ការអភិវឌ្ឍកំពង់ផែ(រួមទាំងកម្មវិធីនៃប្រព័ន្ធEDIនៅ កំពង់ផែ) និងគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT)។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យពន្លឿនគម្រោងដាក់ឱ្យដំណើរការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក និងការដាក់ឱ្យដំណើរការរថភ្លើងពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ឱ្យបានមុនចូលឆ្នាំខ្មែរប្រពៃណីជាតិដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។