ពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្អូនប្រុសដែលបានចាញ់បោកមេខ្យល់យកទៅលក់អោយអ្នកនេសាទសមុទ្រ នៅប្រទេសថៃ


នៅថ្ងៃអង្គារិ៍ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិកាដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រចាំខេត្តសៀមរាបបានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្អូនប្រុសឈ្មោះ វឿន វុន ជាប្រជាពលរដ្ឋរស់នៅភូមិជ្រៃឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាបដែលបានចាញ់បោកមេខ្យល់យកទៅលក់អោយអ្នកនេសាទសមុទ្រ នៅប្រទេសថៃ។

ប្អូនប្រុសឈ្មោះ វឿន វុន គឺជាជនរងគ្រោះដែលមេខ្យល់យកទៅលក់អោយទូកនេសាទរបស់ប្រទេសថៃ បានរៀបរាប់ថា បន្ទាប់ពីបានដឹងរឿងថាបានចាញបោកមេខ្យល់ ខ្លួនបានប្រកែកមិនព្រមទៅតាមមេខ្យល់ដែលនឹងបំរុងយកខ្លួនទៅលក់អោយអ្នកនេសាទសមុទ្រនៅប្រទេសថៃរួចមក ក្រុមមេខ្យលព្យាយាមធ្វើបាប និងការប៉ុនប៉ងសម្លាប់ទៀតផង បន្ទាប់មកទើបខ្លួន (វឿន វុន)បានសម្រេចចិត្តលោតទឹកសមុទ្រ ដើម្បីរួចផុតពីក្រុមមេខ្យល់ និងរកអន្តរាគមន៍។

ជាមួយគ្នានេះ លោកស្រី អភិបាលរងខេត្តក៏បានណែនាំដល់ប្អូនប្រុសជនរងគ្រោះថា យើងមិនត្រូវប្រថុយប្រថានឆ្លងដែនខុសច្បាប់ទេ ព្រោះថាមានករណីច្រើនដែលប៉ះពាល់ដល់អ្នកឆ្លងដែនដខុសច្បាប់ ជាពិសេសចាញ់បោកក្រយុមេខ្យល់ ដែលមុននឹងនាំទៅបានសន្យាថានាសទៅធ្វើការល្អៗ តែដល់ពេលឆ្លងដែនរួចនាំយើងទៅធ្វើការដែលប្រើប្រាស់គ្រឿងញៀន។

លោកស្រី ក៏សូមធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដទៃទៀតសូមកុំចាញ់បោកក្រុមពួកមេខ្យល់ទាំងនេះទៀត។ ម្យ៉ាងទៀត ត្រូវរកការងារក្នុងស្រុកដែលយើងអាចធ្វើបាន ព្រោះថានៅក្នុងប្រទេសយើងនេះក៏សម្បូរការងារដែរ ដូចនេះមុននឹងចាកចេញប្រទេសយើងត្រូវគិតគូរអោយបានច្បាស់លាស់ជៀសវាងជួបបញ្ហាដូចប្អូនប្រុសខាងលើ។

ក្រោយពីបញ្ចប់ការសំណេះសំណាល លោកស្រីបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០(ម្ភៃម៉ឺនរៀល) លេខាធិការដ្ឋានចំនួន ១០០ ០០០(ដប់ម៉ឺនរៀល) និងមន្ទីរសង្គមកិច្ចចំនួន ១០០ ០០០(ដប់ម៉ឺនរៀល)ផងដែរ៕