កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ. ប.កនៅសាលប្រជុំសាលាខេត្តសៀមរាប


នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧នេះ ខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាអនុក្រឹត្សលេខ ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និង ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តម សេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ។

កិច្ចប្រជុំនេះដោយមានវត្តមានចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់មន្ត្រីអត្រានុកូលដ្ឋាន សមត្ថកិច្ចប៉ុស្តិ៍ក្រុង ស្រុក និង តំណាងកុងស៊ុលវៀតណាម ប្រចាំខេត្តសៀមរាប ចំនួន៣៦៤នាក់បានចូលរួម ។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ជា គេមសាន ស្នងការរងទទួលបន្ទុកផែន អន្តោប្រវេសន៍ លើការគ្រប់គ្រងជនបរទេសនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីធានាឲ្យបាននៅសុវត្តិភាព សណ្តាប់ធ្នាប់នៅក្នុងសង្គមនោះ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញត្រូវធ្វើការត្រួតពិនិត្យឲ្យអស់លើជនបរទេស ឬជនប្លែកមុខ ដែលចូលមកស្នាក់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយពិនិត្យទៅលើសំណុំឯកសារចូលមកស្នាក់នៅឬមកប្រកបរបរអាជីវកម្មផ្សេងៗជាដើម ។ តាមចំនួនតួលេខបញ្ជាក់របស់ការិយាល័យអន្តោប្រវេសន៍ លើការគ្រប់គ្រងជន បរទេសដែលស្នាក់នៅក្នុងខេត្តសៀមរាប ទាំងស្របច្បាប់ មិនស្របច្បាប់ សរុប ១ពាន់៦៨៧គ្រួសារ មានមនុស្ស ៤ពាន់៧៩៦នាក់ ស្រី ២ពាន់៣១៤នាក់ មាន៥សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម , ឡាវ , ថៃ , ភូមា និង នេប៉ាល់ ដែលចូលមកប្រកបធ្វើអាជីវកម្មនៅខេត្តសៀមរាប ។

ក្រុមការងារបានជំរឿន និង ចុះពិនិត្យជនបរទេសបែបអន្តោប្រវេសន៍ មានឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និង ស្នាក់នៅយូរ ចំនួន១ពាន់៣៩២គ្រួសារ មាន០៥សញ្ជាតិ មាន មនុស្ស ៣ពាន់៩៣៣នាក់ ស្រី១ពាន់៨៧៧នាក់ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ២ពាន់៥១៩នាក់ ស្រី១ពាន់២២៧នាក់ ក្រោមអាយុ១៨ឆ្នាំចុះ ១ពាន់៤១៤នាក់ ស្រី ៦៥០នាក់ ។ កន្លងមកនេះការងារគ្រប់គ្រងលើជនបរទេសដែលបាននិង កំពុងស្នាក់នៅលើទឹកដីខេត្តសៀមរាប សមត្ថកិច្ចជំនាញរួមជាមួយនិងអជ្ញាធរមូលដ្ឋានបាននិងកំពុងអនុវត្តហើយ បានចាប់បញ្ជូនជនបរទេសទាំងនោះឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់ ជាច្រើននាក់ផងដែរ ។