ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចូលជួបសម្តែងការគួរសម និងពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការភាពជាដៃគូស្ដីពី ការបញ្ជ្រាបបច្ចេកវិទ្យាព័ត៌មាន (ICT) ក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា ដែលផ្តោតសំខាន់លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំនៅកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀននៅកម្ពុជាឲ្យមានលទ្ធភាពអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន (ICT) សម្រាប់ការបង្រៀន-រៀន ដែលកិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ អ្នកជំនាញក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏បានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ ដែលក្រុមហ៊ុនបានអភិវឌ្ឍឡើង និងអាចជាឧបករណ៍ជំនួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាដោយប្រើបច្ចេកវិទ្យាព័ត៌មានផងដែរ។