ឯកឧត្តម សុខ លូ នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារ នៅក្រុងស្ទឹងសែន


ខេត្តកំពង់ធំ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ អភិបាលខេត្ដកំពង់ធំបានអញ្ជើញចូលរួមក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ នៅក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ដើម្បីរួមចំណែក ជួយដោះស្រាយការខ្វះខាតស្បៀង សម្រាប់ផ្គង់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតស្បៀងដែលជួបគ្រោះមហន្តរាយ កាលពីថ្ងៃឣង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាល ខេត្ដកំពង់ធំបានមានប្រសាសន៍ ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារជា ពិសេសមនុស្សចាស់ ក្មេងតូចៗ ក្នុងនោះ ដែរបងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាពដោយ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវរាល់ពេលធ្វើដំណើរជៀសវាងគ្រោះថ្នាក់ចរាចរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ។

ឯកឧត្តមបានបន្ដថា បើបងប្អូនមានការលំបាក ក្នុងជីវភាព ដោយទីទាល់ក្រសូមរាយការណ៍ទៅ កាន់អាជ្ញារធ មូលដ្ឋានរបស់ខ្លួន ជាពិសេស លោកមេភូមិ ឬលោកមេឃុំ ដើម្បីឱ្យពួកគាត់រាយការណ៍ បន្តមកថ្នាក់លើ ក្នុងការចាត់ក្រុមការងារចុះជួយទុក្ខធុរៈបងប្អូន ជាពិសេសក្នុងនាមជាអាជ្ញាធរខេត្ត នឹងមិនទុកឱ្យបងប្អូនរស់ នៅដោយឯកោពុំបានអាជ្ញាធរយកចិត្តទុកដាក់នោះឡើយ។

ឯកឧត្តមអភិបាលខេត្ដបានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយភាពខ្វះខាតស្បៀងជូនប្រជាពលរដ្ឋ ប្រកបដោយភាពយកចិត្តទុកដាក់ជួយទុក្ខធុរៈ គ្នានៅតាមភូមិ ឃុំ ដោយអាជ្ញាធរត្រូវពិនិត្យ មើលនូវចំណុចកង្វះខាតរបស់ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយរាល់បញ្ហាដែលមានកើតឡើង។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឱ្យដឹងថា កន្លងមក ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលដល់ការងារបង្កបង្កើនផល ធ្វើឱ្យទិន្នន័យ ស្រូវរដូវវស្សាថយចុះ រដូវប្រាំងខ្វះទឹក សម្រាប់ការងារបង្កបង្កើនផលជះបការលំបាកធ្វើ ឱ្យប្រជាពលរដ្ឋ ខ្វះខាតស្បៀង ពិសេសគ្រួសារចាស់ជរា គ្រួសារម៉េម៉ាយ មានកូនច្រើនក្នុងបន្ទុក គ្រួសារគ្មានទីពឹងជាដើម។

គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០ដោយក្នុងមួយ គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរនិងបានប្រគេនព្រះសង្ឃ គង់ក្នុងវត្តស្រយ៉ូវ អង្ករ៥០គីឡូក្រាម មី២កេស ទឹកសុទ្ធ២យួរ ថវិកា៥០ ម៉ឺនរៀលផងដែរ៕