ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី បានប្រគល់អង្ករចំនួន៤តោន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ជូនរដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព


ព្រះតេជគុណនូវសុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី នារសៀកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះ បានប្រគល់អង្ករចំនួន៤តោន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ជូនរដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដើម្បីត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ។

ពិធីប្រគល់ទទួលអង្ករ និងសម្ភារៈប្រើប្រាស់ខាងលើនេះ ធ្វើឡើងនៅលើសាលាឆាន់វត្តហង្សាបិតិ ហៅវត្តព្រែកស្រី ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស, លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត និងសមាជិកាសាខាសមាគមនារីខេត្តយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា អង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ដែលត្រូវប្រគល់ជូននោះរួមមាន៖
-រដ្ឋបាលសាលាខេត្ត ទទួលបាន អង្ករ២តោន, ទឹកដោះគោ២កេស, មី៥កេសធំ, ត្រីខកំប៉ុង២កេស, ស្ករស៤០គីឡូក្រាម, ទឹកក្រូច១៤កេស និងចានស្រាក់២០សម្រាប់។
-សាខាសមាគមនារីខេត្ត ទទួលបាន អង្ករ១,៥តោន, ទឹកដោះគោ២កេស, មី៣កេសធំ, ស្ករស៥០គីឡូក្រាម និងចានស្រាក់២០សម្រាប់។

-ក្រុមការងារចុះជួយសង្កាត់ចំរើនផល ដែលមានលោកស្រី ជុក សុផានី ជាប្រធាន ទទួលបាន អង្ករ៥០០គីឡូក្រាម, មី២កេសធំ, តែមួយចំនួនធំ និងចាន់ស្រាក់២០សម្រាប់។
-ដោយឡែកសម្រាប់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ទទួលបានបច្ច័យ១ពាន់ដុល្លារ សម្រាប់ទុកប្រើប្រាស់ និងដោះស្រាយតាមតម្រូវការផងដែរ៕