អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ចាប់ពីពេលនេះតទៅយើងមានគ្រួសារតែមួយគត់ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា ចាប់ពីពេលនេះតទៅយើងមានគ្រួសារតែមួយគត់ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យសង្គមជាតិយើង ទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ នៅបរិវេណពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសារគ្រូបង្រៀន និងទួនឥស្លាម ទូទាំងក្រុងពោធិ៍សាត់ ជាលើកទី២ ប្រមាណ៩៤០នាក់ ដោយបានការអញ្ជើញចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣។

ដោយមានសំណូមពរ ពីលោកគ្រូ អ្នកគ្រូ ទាក់ទងនឹងបញ្ហាប្រឈម និងការខ្វះខាតនោះ ឯកឧត្តមអភិបាលខេត្ត បានជួយដោះស្រាយជីកអណ្តូង ជីកស្រះទឹក នៅសាលាក្រាំងតាសែន និងសាលាគរុគោសល្យខេត្តជូន នឹងបានបញ្ជាឱ្យក្រុមហ៊ុនដឹកដី បាញ់ទឹកលើផ្លូវដែលហុយ នៅសាលាបឋមសិក្សាម៉ូលី (ថ្នល់បត់) ព្រមទាំងឲ្យក្រុមការងារមន្ទីរជំនាញសិក្សាអំពីប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនីជូន។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមប្រមាណ ៩៤០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ត្រីខ១កំប៉ុង អង្ករ១០គីឡូក្រាម និងថវិកា១ម៉ឺនរៀល ដែលទាំងនេះ បានកើតមានឡើងតាមការសន្យាជូនលោកគ្រូ អ្នកគ្រូ និងទួនឥស្លាម ទូទាំងក្រុងពោធិ៍សាត់ ទៅទស្សនៈកិច្ចសិក្សានៅរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង។ ចំពោះស្ត្រីមានផ្ទៃពោះ ១០នាក់ ម្នាក់ៗទទួលបានសារុង៣ និងថវិកា១០ម៉ឺនរៀលផងដែរ៕