ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធិផលអាគាររដ្ឋបាលថ្មីរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង


(បាត់ដំបង)៖ នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សមិទ្ធិផលអាគាររដ្ឋបាលថ្មីរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជុំវិញខេត្តបាត់ដំបង។

សូមជម្រាបជូនថា អាគាររដ្ឋបាលថ្មីរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបងដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ មានកម្ពស់៣ជាន់ ស្មើនឹង ១៥បន្ទប់ ត្រូវបានសាងសង់ឡើងកាលពីខែមករា ឆ្នាំ២០១៧ និងបញ្ចប់ការងារសាងសង់នៅចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។

គួររំលឹកផងដែរថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទឹកស្អាតនៅកម្ពុជា ត្រូវបានគេមើលឃើញថាមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈសមិទ្ធិផលធំៗជាច្រើន ដូចជារោងចក្រប្រព្រឹត្តកម្មទឹកស្អាត ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធលើវិស័យទឹកស្អាត នៅតាមបណ្តារាជធានី ខេត្ត មួយចំនួនត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដោយសម្តេចប្រមុខរាជរដ្ឋាភិបាល។ តាមរយៈសមិទ្ធិផលធំៗទាំងអស់នេះ បូករួមទាំងសមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាលបានសម្រេចនាពេលកន្លងទៅ គឺពិតជាបានផ្តល់ឱកាសឱ្យប្រជាជនរាប់សិបម៉ឺនគ្រួសារ នៅទូទាំងប្រទេសបានទទួលនូវសេវាទឹកស្អាតពីបំពង់ ដែលមានសុវត្ថិភាព និងថ្លៃសមរម្យ ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងពិតប្រាកដមិនអាចប្រកែកបាន។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើការងារអភិវឌ្ឍវិស័យទឹកស្អាត បានដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពការងារជាច្រើនទាំងក្នុងក្របខ័ណ្ឌជាតិ និងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើយ៉ាងឱ្យការផ្តល់សេវាទឹកស្អាតនៅកម្ពុជាសម្រេចបានតាមគោលដៅដាក់ចេញដោយរាជរដ្ឋាភិបាលដែលបានកំណត់ថា “ប្រជាជនគ្រប់រូបនៅតាមទីប្រជុំជនទូទាំងប្រទេស ត្រូវទទួលបានទឹកស្អាតដែលមានគុណភាព ថ្លៃសមរម្យ និងមានចិរភាព យ៉ាងយូរត្រឹមឆ្នាំ២០២៥”។