រសៀលថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រសួងធនធានទឹក និងឧតុនិយម ពិសេសចំពោះឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ ដែលបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម ដែលតាមរយៈប្រព័ន្ធធារាសាស្ត្រទាំងនេះ បានជំរុញឱ្យការងារបង្កបង្កើនផលរបស់ប្រជាកសិករ ទទួលបានទិន្នផលល្អ ជួយលើកកំពស់កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រី ជួយកសាងប្រព័ន្ធថ្មីៗបន្ថែមទៀត និងបានស្នើសុំនូវអនុសាសន៍មួយចំនួនពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជាទុនបន្ថែមសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ខេត្តកំពង់ចាម ឱ្យកាន់តែមានការរីកចម្រើន ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដើម្បីដាំនូវដើមត្នោតប្រមាណ ៦.០០០ ដើម នៅអមសងខាងទំនប់បឹងវាម ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ដើម្បីប្រែក្លាយទំនប់នេះ ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយ ។
ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ពាក់ព័ន្ធនឹងការរៀបចំផែនការអភិវឌ្ឍន៍ខេត្តកំពង់ចាម ។ ដោយឡែកចំពោះការស្នើសុំដាំដើមត្នោត នៅអមសងខាងទំនប់ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្ត និងបានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់របស់ក្រសួង ចុះសិក្សា និងរៀបចំប្លង់ដាំដុះជូនឯកឧត្តមអភិបាលខេត្ត ព្រោះថា ទន្ទឹមនឹងការបង្ហាញពីអត្តសញ្ញាណជាតិ ការបង្កើននូវភាពទាក់ទាញរបស់បឹង ការងារបច្ចេកទេសក៏ត្រូវគិតគូរផងដែរ ដើម្បីចៀសវាងនូវការប៉ះពាល់ពេលដែលយើងត្រូវធ្វើការថែទាំ ឬជួសជុលទំនប់នាពេលខាងមុខ ។ បន្ថែមពីលើការឯកភាពតាមសំណើរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា ខេត្តកំពង់ចាម គួររៀបចំតំបន់មួយ ដែលបង្ហាញពីការផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅនឹងដើមត្នោត ពោលគឺចាប់តាំងពីចំណុច ឡើងយកទឹកត្នោត រហូតទៅដល់ការផលិតចេញជាស្ករត្នោត នំត្នោត និងសម្ភារៈប្រើប្រាស់ផ្សេងៗដែលផលិតពីត្នោត ។