លោកស្រីឯកអគ្គរដ្ឋទូតបារាំងថ្មីវាយតម្លៃខ្ពស់ចំពោះក្រសួងលើការដឹកនាំវិស័យបរិស្ថានកម្ពុជា


ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងថ្មីប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសមខណៈដែលលោកស្រីទើបតែត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មី។ ជំនួបនេះ ភាគីបារាំង មានបំណងស្វែងយល់ពីទស្សនៈវិស័យស្តីពីវិស័យបរិស្ថាន និងវឌ្ឍនភាពនៃវិស័យបរិស្ថានកម្ពុជា។

ថ្លែងក្នុងជំនួបនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី លើកឡើង អំពីសមិទ្ធផលដែលក្រសួងបរិស្ថានបានសម្រេចក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិទី៥កន្លងមកនេះ និងកិច្ចការងារដែលក្រសួងបាននិងកំពុងប្រឹងប្រែងពុះពារដោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះឱ្យប្រសើរឡើងដើម្បីឈានទៅដល់ការសម្រេចគោលដៅ។ បន្ថែមពីនេះ ទស្សនៈវិស័យយូរអង្វែងរបស់ក្រសួងដែលបានដាក់ចេញ ក៏ត្រូវបានលើកឡើងក្នុងជំនួបដែលមានរយៈពេល១ម៉ោងផងដែរ។

ក្រោយជំនួបប្រកបដោយភាពស្និទស្នាល លោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ បានវាយតម្លៃខ្ពស់ និងកោតសរសើដល់ក្រសួងបរិស្ថានចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក និងទៅអនាគត៕