សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន


នៅថ្ងៃទី១៥និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតឆ្នាំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ អំពីសមិទ្ធផលការងារដែលសម្រេចបាន ធំៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង គម្រោងកំពុងបន្ត និងក្នុងពេលអនាគតដ៏ខ្លីខាងមុខមួយចំនួនដូចជា៖ ការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីរាជធានី ភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅមុនចូលឆ្នាំខ្មែរ ការតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយផ្លូវដែកប្រទេសថៃដែលមានសារសំខាន់ដល់ការដឹកជញ្ជូនដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ សេវាដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹក ការបិតចំណាំងផ្លាតសុវត្ថិភាពជូនប្រជាពលរដ្ឋជាងបីលានដោយគិតថ្លៃ ចលនា ចែកមួកសុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋ និងស្ពតអប់រំប្រជាពលរដ្ឋអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីយុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដើម្បីថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាពប្រើប្រាស់បានយូរអង្វែង និងវិធានការកាត់ទ្រុងយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។

ឯកឧត្តមទេសដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីបច្ចេកទេសពិនិត្យមើលការបិតសំបុកមាន់ ការជួសជុលថែទាំ ផ្លូវថ្នល់ ធ្វើយ៉ាងណាឱ្យមានគុណភាពរឹងមាំប្រើប្រាស់បានយូរអង្វែង គោរពតាមស្តង់ដារបច្ចេកទេស ដើម្បី ផ្តល់សេចក្តីទុកចិត្តជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងសន្ទរកថារបស់សម្តេចក្រឡាហោម ស ខេង សម្តេចបានសាទរចំពោះ លទ្ធផលសម្រេចបានល្អៗ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទ ការអនុវត្តការងារ នៅក្នុងឆ្នាំ២០១៧ និងគម្រោងផែនសម្រាប់ឆ្នាំបន្ទាប់ផងដែរ។

សម្តេចក្រឡាហោម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ នៅក្នុងកិច្ចការកែទម្រង់រដ្ឋាបាលសាធារណៈ ការផ្តល់សេវាក្នុងវិស័យដឹកជញ្ជូន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការងារជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាជូនទៅដល់ប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់។

សម្តេចក្រឡាហោមក៏បានផ្ញើសារផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវ សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួនមុនចេញ ដំណើរ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរជាមួយ និងពេលធ្វើដំណើរតាមរថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពទាំងអ្នកខាងមុខ និងអ្នកនៅខាងក្រោយ មិនបើកបរហួសល្បឿនកំណត់ ចេះ យោគយល់អធ្យាស្រ័យក្នុងការបើកបរ ពិសេសកុំវ៉ាជែង កុំដឹកលើសទម្ងន់កម្រិតកំណត់ដែលនាំឱ្យផ្លូវ ស្ពានខំកសាងដោយលំបាកទទួលរងនូវការ ខូចខាតទៅយ៉ាងឆាប់រហ័ស។