សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យឯកឧត្តម អ៊ិលហាន កេម៉ាល់ តាក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួគី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


 

នៅព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០១៨នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម អ៊ិលហាន កេម៉ាល់ តាក(Ilhan Kemal TUĞ)

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួគី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឳកាសឯកឧត្តម បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រីហេងសំរិន មានប្រសាសន៍ថាកម្ពុជា-តួគី មានទំនាក់ទំនងការទូតជាមួយគ្នា ជាយូរមកហើយ ជាពិសេសក្នុងអាណត្តិការទូត របស់ ឯកឧត្តម បានធ្វើឲ្យកិច្ចសហប្រតិបត្តិការនានាកាន់តែ ល្អប្រសើរថែមទៀត រវាងប្រទេសទំាងពីរកម្ពុជា-តួគី។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្នទូត បានលើកទ្បើងអំពី ការរឹតចំណងការទូត អោយបានកាន់តែជិតស្និទ្ធ នឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អ។
ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នឹងការផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសទួគី នាពេលកន្លងមក។

សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ទៀតថា
បេសកកម្មការទូត ជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្តពង្រឹងនិង ពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរ ឲ្យកាន់តែស្អិតរមួត ។

ក្នុងនាមរដ្ឋសភា សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម បានរួមចំណែកលើកកម្ពស់នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងនយោបាយការបរទេស កាន់តែប្រសើរឡើង។
រដ្ឋសភាកម្ពុជា សូមគាំទ្រដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើរួមគ្នា និងសូមជំរុញឲ្យបន្តបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឧត្តមប្រយោជន៍ ប្រជាជាតិទាំងសងខាង ៕