ឯកឧត្តម លឹម គានហោ អញ្ជើញចុះពិនិត្យការដ្ឋានអនុវត្តគម្រោងសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ក្នុងខេត្តពោធិ៍សាត់


រសៀលថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានអនុវត្តគម្រោងសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ស្ថិតក្នុងខេត្តពោធិ៍សាត់ ។

ថ្លែងនៅក្នុងពេលចុះពិនិត្យការងារនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បន្ទាប់ពីទំនប់លេខ ៣ ទំនប់លេខ ៥ ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ប្រព័ន្ធធារាសាស្ត្រចារឹក ប្រព័ន្ធធារាសាស្ត្រអូររកា ប្រព័ន្ធធារាសាស្ត្រធ្លាម្អម ប្រព័ន្ធធារាសាស្ត្រកំប៉ាង ប្រព័ន្ធធារាសាស្ត្រក្រូចសើច… ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ គឺសមិទ្ធផលដ៏ធំថ្មីមួយទៀត ដែលនឹងលេចចេញរូបរាងនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលខាងមុខ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងនេះ នឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ ប្រមាណ ១៦.១០០ ហិកតា នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកបាកាន ។

សូមជម្រាបជូនថា ការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ត្រូវបានបែងចែកជា ០៣ កញ្ចប់ រួមមាន ៖
– កញ្ចប់ទី ១ (Package I) ៖ សាងសង់សំណង់មេកាត់ស្ទឹងពោធិ៍សាត់ ចំនួន ០១ កន្លែង ត្រង់ចំណុចភូមិដំណាក់ឈើក្រំ ឃុំសំរោង ស្រុកភ្នំក្រវាញ
– កញ្ចប់ទី ២ (Package II) ៖ ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦.០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២៨ កន្លែង
– កញ្ចប់ទី ៣ (Package III) ៖ ជីកប្រឡាយរង ០៤ ខ្សែ សរុបប្រវែង ៦៨.៩៨១ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២១៥ កន្លែង ។

នៅក្នុងការសាងសង់ជំហានដំបូង ក្រសួង បានចាប់អនុវត្តនូវកញ្ចប់ទី ២ (Package II) នោះគឺការជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦ គម លាតសន្ធឹងលើឃុំផ្ទះរ៉ុង ឃុំសំរោង ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ និងឃុំតាលោ ឃុំខ្នារទទឹង នៃស្រុកបាកាន ។ ប្រឡាយមេ ០១ ខ្សែនេះ នឹងមានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៨ កន្លែង ។ មកដល់ពេលបច្ចុប្បន្ន ការអនុវត្តកញ្ចប់ទី ២ សម្រេចលទ្ធផលបានប្រមាណ ១៧% ហើយ ។