ឯកឧត្តម គួច ចំរើន និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាមេធ អញ្ជើញចុះពិនិត្យសាលារៀនចំនួន៤ ក្នុងស្រុកស្ទឹងត្រង់


រសៀលថ្ងៃព្រហស្បតិ៍ ៨រោច​ ខែមាឃ ឆ្នាំរកា​ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ គ.ស.២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាមេធ មេបញ្ជាការកងវិស្វ័កម្មសម្តេចតេជោ ហ៊ុន សែន ចុះពិនិត្យសាលារៀនចំនួន៤ទីតាំងក្នុងស្រុកស្ទឹងត្រង់រួមមាន៖
-បឋមសិក្សាមេសរជ្រៃ ស្ថិតនៅភូមិអូរបង ឃុំមេសរជ្រៃ ខ្វះខាតអាគារសិក្សា ដោយមានកំណើនសិស្សានុសិស្សកើនឡើងច្រើន រហូតដល់បច្ចុប្បន្នមានសិស្សចំនួន២,០៧៨នាក់ ប៉ុន្តែមានអាគារសិក្សាតែ៥ខ្នង ២៥បន្ទប់។
-វិទ្យាល័យមេសរជ្រៃ ស្ថិតនៅភូមិអូរបង ឃុំមេសរជ្រៃ ខ្វះខាតអាគារសិក្សាដែលសព្វថ្ងៃមានអាគារ៣ខ្នង ១៤បន្ទប់ ហើយមានសិស្សកំពុងសិក្សា១,១២៦នាក់ និងអាគារសិក្សា បច្ចុប្បន្ន១ខ្នងចាស់ទ្រុឌទ្រោមយ៉ងខ្លាំង។
-អនុវិទ្យាល័យអូរពីរ ស្ថិតនៅភូមិអូរពីរ ឃុំដងក្តារ ខ្វះខាតអាគារសិក្សា ដោយសារចំនួនសិស្សកើនឡើងដល់១.២២២នាក់ ប៉ុន្តែមានអាគារសិក្សាតែ២ខ្នង ១២បន្ទប់។
-សាលាបឋមសិក្សាដងក្តារ ស្ថិតនៅភូមិសន្ទិច ឃុំដងក្តារ អាគារសិក្សាធ្វើអំពីឈើចាស់ទ្រុឌទ្រោមខ្លាំង ហើយបច្ចុប្បន្នមានសិស្សចំនួន៩៤២នាក់ មានអាគារ៣ខ្នង ១២បន្ទប់។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាមេធ នឹងធ្វើរបាយការណ៍ជូនសម្តេចតេជោ អំពីការខ្វះខាតអាគារសិក្សានៅសាលាទាំងបួននេះ។