អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីរាជការចូលរួមសំអាតបរិស្ថានក្នុងក្រុងព្រះសីហនុ


ព្រឹកថ្ងៃទី ១៤រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី រាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ ចូលរួមសំអាតបរិស្ថាននៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ ការសម្អាតបរិស្ថាននេះ ចេញពីមុខវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន អភិបាលភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត សហការជាមួយសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី មន្ទីរ អង្គភាពពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះ សីហនុ ចូលរួមសម្អាតបរិស្ថាន ក្នុងគោលបំណងស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម នាពេលខាងមុខ ដោយសារឥឡូវនេះមានការកើនឡើងនូវភ្ញៀវទេសចរ ដូចជាបុណ្យសកល បុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវ យើងជាម្ចាស់ផ្ទះ និងជាការឆ្លើយតបខេត្តតំបន់ទេសចរណ៍នាទិសនារតី មានបរិស្ថានស្អាតល្អ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអរគុណអភិបាលក្រុងព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត បានចូលរួមរៀបចំកម្មវិធីរើសសំរាមសំអាតបរិស្ថាននាពេលនេះ ដោយសារបច្ចុប្បន្នក្រុងរបស់យើងប្រឈមនិងបញ្ហាសំរាម តាមផែនការរបស់រដ្ឋបាលខេត្ត គឺការសម្អាតបរិស្ថាននេះ គឺយើងធ្វើមួយខែពីរដងដោយ មានការចូលរួមកម្លាំងសិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួម ។
ឯកឧត្តមអភិបាលខេត្ត ក៏បានចំណូលពរមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន រួមគ្នាសម្អាតក្រុងរបស់យើង ឆ្នាំនេះយើងមានលក្ខណៈសម្បត្តិ២ គឺ ទី១ ខេត្តរបស់យើងជាប់ប្រកួតប្រជែងទីក្រុងស្អាតអាស៊ាន ដែលកម្ពុជាយើងមាន ៨ក្រុង ក្នុងចំណោម ២៥ ខេត្ត ក្រុង ទី២ គឺជាការវាយតម្លៃរំដួលបីទងដូច្នេះយើងត្រូវរួមគ្នាធ្វើអ្វីៗដើម្បីបរិស្ថានរបស់ក្រុង ខេត្តរបស់យើងឲ្យមានសោភណភាព បរិស្ថានល្អ ៕