ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចំអកថាឲ្យ លោក សម រង្ស៊ី ថា ការអំពាវនាវ ញុះញ៉ុងរបស់ពួកឧទ្ទាមក្រៅច្បាប់ គ្មានប្រសិទ្ធិភាព។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ដោយអស់ផ្លូវដើរ ពួកឧទ្ទាមក្រៅច្បាប់នៅឯនាយសមុទ្រ បែរជាមកញុះញង់ឲ្យប្រជាជនកម្ពុជាធ្វេីពហិការកុំហូបទឹកវីតាល់ ។ទៅមកៗ បែរពួកឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយទណ្ឌិតសម រង្សី ចង់បង្អត់ទឹកប្រជាជនកម្ពុជា ទៅវិញ បើចង់មិនផឹកទឹកដែរ មិនត្រូវញុះញង់ឲ្យប្រជាជនឈប់ហូបទឹកនោះទេ ស្នើឈប់ខ្លូនឯងទៅ ។ ម៉្យាងទៀត គ្មានប្រជាជនកម្ពុជាណាម្នាក់ធ្វើតាមខ្លនទេ “។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា “និយាយរួម ការអំពាវនាវប្រកបដោយចរិតញុះញង់ ចង់បង្អត់ទឹកប្រជាជនកម្ពុជា មិនមានប្រសិទ្ធភាពអ្វីទាល់តែសោះ គ្មានប្រជាជនកម្ពុជាណាម្នាក់ធ្វើតាមការញុះញង់ពីទណ្ឌិត សម រង្សី មេឧទ្ទាមក្រៅច្បាប់ ដែលច្បាប់កំពុងតាមចាប់យកទៅកាត់ទោសតាមច្បាប់ ។ កុំថាឡើយតែរឿងចង់បង្អត់ទឹកប្រជាជនកម្ពុជា ទោះបីរឿងផ្សេងទៀត ក៏ប្រជាជនកម្ពុជា មិនលុះដោយឧបាយកលទុច្ចរិតរបស់ពួកឧទ្ទាមក្រៅច្បាប់ដែរ”៕