ក្រសួងបរិស្ថាន និងដៃគូផ្សព្វផ្សាយគម្រោង ការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ


ការរួមគ្នាដោះស្រាយបញ្ហាដីធ្លី ដើម្បីឈានទៅសម្រេចបាននូវគោលដៅការពារ និងអភិរក្សធនធាន ធម្មជាតិ ដ៏មានតម្លៃប្រកបដោយប្រសិទ្ធភាព របស់ស្ថាប័ន និងអង្គភាពដៃគូអភិវឌ្ឍន៍ ដែលបានចូលរួម នៅការអនុវត្តគោលនយោបាយដីធ្លីជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួង បរិស្ថាន ជាសេនាធិការ បានដាក់ចេញនូវយុទ្ធសាស្រ្ត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដូចជា«យុទ្ធសាស្រ្ត និងផែនការ សកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣» «ផែនការយុទ្ធ សាស្រ្តជាតិសម្រាប់ គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០១៧-២០២៦» នេះជាការលើកឡើង របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាស្តីពីការចាប់ផ្តើម គម្រោង «ការចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី» នៅថ្ងៃព្រហស្បត៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ បោះបង្គោលកំណត់ព្រំប្រទល់តំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ រៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត និងជំរុញការអនុវត្តគម្រោងវិនិយោគទេសចរណ៍ធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍គាំទ្រចំពោះភាគីដៃគូ ជាពិសេស ធនាគារអភិវឌ្ឍន៍អាស៊ី ADBប្រចាំកម្ពុជា ដែលបានចូលរួមតាំងពីដើមអាណត្តិ នៅក្នុងការចូលរួម ដោះស្រាយជាមួយរាជរដ្ឋាភិបាល រួមទាំងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់បេតិកភណ្ឌដែលត្រូវថែរក្សាទាំងព្រៃឈើ និងប្រាសាទ បុរាណក្នុងតំបន់នោះ។
គូសបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយធនាគារអភវឌ្ឍន៍អាស៊ី ក្នុងការរៀបចំ បង្កើតគម្រោងចុះបញ្ជីដីធ្លីនៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រក សត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៤៦,២៥០ ហិកតា។ នេះគឺជាគម្រោងសាកល្បងចុះបញ្ជីដីរដ្ឋតី១ ដែលត្រូវអនុវត្តក្នុងរយៈពេល១ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៨ សំដៅធានានូវការកំណត់ព្រំប្រទល់តំបន់ការពារជាតិ ឱ្យបានច្បាស់ លាស់៕