គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១,០០០នាក់ ទទួលការព្យាបាលជំងឺ និងសេវាសុខភាពបន្ថែមពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោដោយឥតគិតថ្លៃ


ស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង ១,០០០នាក់ ដោយឥតគិតថ្លៃ នៅបរិវេណវរៈសេនាតូច២៨៣នៃកងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅក្នុងភូមិញាំងជុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងពិធីនោះមានការចូលរួមពីលោកមេបញ្ជាការតាមកងពល, មេបញ្ជាការសមរភូមិទិសនីមួយៗ និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលអញ្ជើញចូលរួមនាឱកាសនោះ ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
មុនការពិនិត្យ និងព្យាបាលជំងឺក្រុមការងារបានបានផ្តល់អាហារពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ហ៊ុន សែន បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ រួមមាន ៖ វះកាត់តូច និងអំបែងគ្រាប់ចំនួន៥០នាក់, ពិនិត្យ និងព្យាបាលមាត់-ធ្មេញចំនួន១០០នាក់, ពិនិត្យរោគស្ត្រី១០០នាក់, ពិនិត្យ និងព្យាបាលជំងឺទូទៅចំនួន៦៥០នាក់, សម្ភព និងអេកូសាស្ត្រ ចំនួន១០០នាក់, ផ្តល់ថ្នាំសម្លាប់សត្វល្អិតជូនប្រជាពលរដ្ឋ៥០០ករណី, អប់រំសុខភាពដល់ប្រជាជនដែលទទួលសេវាព្យាបាល។ ជាមួយគ្នានេះ លោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា មានដូចជា រទេះរុញសម្រាប់អតីតយុទ្ធជនពិការចំនួន ០៩គ្រឿង, វ៉ែនតាសម្រាប់លោកតា លោកយាយចំនួន ៣០០គ្រឿង, អាវមនុស្សចាស់ សំពត់ ស្បែកជើង ព្រមទាំងសម្ភារសិក្សាជូនសិស្សានុសិស្សមួយចំនួនផងដែរ។
សូមជម្រាបថា: នេះមិនមែនជាលើកទី១ទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ព្រោះកន្លងមកក្រុមវេជ្ជសាស្ត្រសម្តេចតេជោតែងតែធ្វើសកម្មភាពចុះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជាច្រើនខេត្តតាមគោលដៅផ្សេងគ្នារួចមកហើយដែរ។
ប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញភាពរីករាយ ចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះពិនិត្យជំងឺទូទៅ និងព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃ ដែលនេះជាការចូលរួមកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយគ្រាផងដែរ។
តាមរយៈសកម្មភាពនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាលបង្ខិតឱ្យនៅជិតប្រពលរដ្ឋ និងធ្វើឱ្យពួកគាត់មានភាពងាយស្រួលបន្ថែមទៀត។