លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិតីក្នុងពិធីបិទពីធីសូត្រលើកទី២៧ និងប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិឆ្នាំ២០១៨


ព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២ ៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបិទ ពីធីសូត្រលើកទី២៧ និងប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិ ឆ្នាំ២០១៨ នៅម៉ាស្ជិទអាល់ស្ហាគីរីន ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដដល់គ្រប់សាសនានៅកម្ពុជា ព្រោះសាសនានីមួយៗ សុទ្ធតែអប់រំ ឲ្យមនុស្សគ្រប់រូបគោរពប្រណិប័តន៍ ផ្លូវចិត្ដ ផ្លូវកាយ ឲ្យប្រព្រឹត្ដតែអំពើល្អនៅក្នុងសង្គម។

លោកជំទាវ បានបញ្ជាក់ថា ការដឹកនាំសាសនាទំាងផ្នែកពុទ្ធចក្រ និងឥស្លាមសាសនា គឺបុគ្គលគោរពប្រណិប័តន៍អំពើល្អ ដូចគ្នា តែត្រង់ថាបុគ្គលនោះ គោរពតាមគម្ពីរ ធម៌អាថ៌ ក្បួនច្បាប់ លិខិតបទដ្ឋានផ្សេងៗ ទោះបីល្អឥតខ្ចោះ យ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់គ្រាប់គ្រាន់ដែរ សម្រាប់ទទួលបានជោគជ័យ ក្នុងការដឹកនាំតាមក្បួនច្បាប់របស់ខ្លួននោះ។ ចំណុចនេះទាមទារឲ្យថ្នាក់ដឹកនាំដោយឲ្យស៊ីចង្វាក់គ្នា។

ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដែលរៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការ និងសាសនា។ ក្នុងពិធីនោះផងដែរ លោកជំទាវក៏បាននាំយកនូវ ថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល សម្រាប់ជួយផ្គត់ផ្គង់លើការចំណាយផ្សេងៗក្នុងពិធីនេះផងដែរ៕