កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ​ស្ដី​ពី “​ការ​សិក្សា​ពេញ​មួយ​ជីវិត”


រាជធានី​ភ្នំ​ពេញ ៖ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ​ស្ដី​ពី “​ការ​សិក្សា​ពេញ​មួយ​ជីវិត” ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោលដៅ​លើក​កម្ពស់​ការ​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ដើម្បី​ទទួល​បាន​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​ក្នុង​គ្រប់​បរិបទ និង​គ្រប់​ទី​កន្លែង ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​ទូទៅ ជំនាញ​វិជ្ជាជីវៈ និង​ដើម្បី​​គុណ​តម្លៃ​សម្រាប់​សុខដុម​ជីវិត ដែល​​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា គាំទ្រ​ដោយ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ៤រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វស័ក ព.ស.​ ២៥៦១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ៕

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិតសភាចារ្យ​រដ្ឋមន្ត្រី​ បាន​លើកឡើង​ថា “ការ​សិក្សា​មួយ​ជីវិត​ដើម្បី​ទទួល​បាន វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​គុណ​សម្បទា សំដៅ​រួមរស់​នៅ​ជាមួយ​គ្នា ក្នុង​សុខ​សន្តិភាព​ប្រកប​ដោយ​សុខដុមរមនា មាន​ន័យ​ថា ជា​ការ​សិក្សា​ដែល​មាន​វិសាលភាព​គ្រប​ដណ្ដប់ ​ការ​សិក្សា​របស់​ពលរដ្ឋ​គ្រប់រូប គ្រប់​វ័យ​ ទាំង​ការ​អប់រំ​ក្នុង​ប្រព័ន្ធ ​ក្រៅ​ប្រព័ន្ធ និង​មិន​ផ្លូវ​ការ ទាំង​ក្នុង​សាលា គ្រួសារ សហគមន៍ ការិយាល័យ​ធ្វើការ កន្លែង​កម្សាន្ត និង​ទីតាំង​វប្បធម៌ និង​សាសនា​”។