ឯកឧត្តម លឹម គានហោ បានបន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ បូព៌ា ជំហានទី ៣ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង


បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ រួចមក នាល្ងាចថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ បូព៌ា ជំហានទី ៣ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។

គម្រោងសាងសង់ប្រឡាយមេ បូព៌ា ជាគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ដែលការសងសង់ទាមទារនូវការអនុវត្តជាជំហានៗ ដោយក្នុងនោះជំហានទី ១ គឺមានប្រវែង ៤.៧០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន​ ១៧ កន្លែង, ជំហានទី ២ មានប្រវែង ៧.០០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន ១៦ កន្លែង និងជំហានទី ៣ ដែលកំពុងដំណើរការសាងសង់នេះ គឺមានប្រវែង ៥.០០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន ២១ កន្លែង ។ នៅពេលបញ្ចប់ជំហានទី ៣ នេះ ក្រសួងគ្រោងនឹងធ្វើការសាងសង់នូវជំហានទី ៤ បន្តទៀត ដែលមានប្រវែង ៤.០០០ ម៉ែត្រ ។

ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ ប្រឡាយមេបូព៌ា នឹងផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៥.០០០ ហិកតា និងអាចធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ ។