ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា ក្រុមឧទ្ទាមក្រៅច្បាប់ ព្រមទាំងអ្នកគាំទ្រមួយចំនួនមានក្តីសង្ឃឹមសហគមន៍អឺរ៉ុបដាក់សម្ពាធកម្ពូជា


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានអះអាងថា ក្រុមអតីត បក្សប្រឆាំង កំពុងតែបរាជ័យ ពីមានក្តីសង្ឃឹមប្រែក្លាយជាអស់សង្ឃឹមហើយ ព្រោះសម្តេចតេជោ ហ៊ុន សែន ត្រូវបានសហគមន៍អឺរ៉ុប អញ្ជើញចូលរួមប្រកំពូលអាស៊ី អឺរ៉ុបលើកទី១២ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹង តាមរយៈប្រព័ន្ធតេឡេក្រាម នាពេលថ្មីនេះថា កន្លងទៅ ក្រុម ឧទ្ទាមក្រៅច្បាប់ ព្រមទាំងអ្នកគាំទ្រមួយចំនួន មានក្តីសង្ឃឹមខ្លាំងណាស់ថា សហគមន៍អឺរ៉ុប ប្រាកដជាដាក់សម្ពាធ មកលើរាជរដ្ឋាភិបាលកម្ពុជា ជាមិនខានទេ ដើម្បីបានដោះលែង លោក កឹម សុខា ពីការឃុំឃាំង និងប្រោះឲ្យអតីតគណបក្សសង្រ្គោះជាតិបានរស់ឡើងវិញ និងបាន ចូលរួមបោះឆ្នោតនាខែកក្កដា២០១៨នេះ ជាមិនខាន ។

ឯកឧត្តមថា ប៉ុន្តែក្តីសង្ឃឹមបានប្រែក្លាយទៅជាអស់សង្ឃឹមទៅវិញ ហើយធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារនាពេលថ្មីៗទៅនេះ សហគមន៍អឺរ៉ុបបានធ្វើសំបុត្រអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែតុលាខាងមុខ នៅទីក្រុងប្រ៊ុចសែល ។

ឯកឧត្តមបញ្ជាក់ថា ការអញ្ជើញសម្តេចតេជោនេះ ជាដំណឹងដ៏ឈឺចាប់របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងអ្នកគាំទ្រពួកគេមួយចំនួនស្ទើរក្អួត​ឈាម ដោយសារតែជឿលើលោកប្រធានរបស់ពួកគេ ថានឹងបានសម្រេចដូចបំណងរបស់ខ្លួន តែនៅពេលនេះបែរជារលាយដូចផេះ ត្រូវទឹកយ៉ាងនេះទៅវិញ ។

ឯកឧត្តម សុខ ឥសាន បន្តថា “នេះហើយ បានហៅថា ក្តីសង្ឃឹម ប្រែក្លាយទៅជាអស់សង្ឃឹម ដោយសារតែទណ្ឌិត សម រង្ស៊ី ពូកែភូតភរ កុហករកមនុស្សប្រៀបមិនបាន ។ ម៉្យាងទៀត រឿងនេះប្រៀបបាននឹងសហគមន៍អឺរ៉ុប សំពងក្បាលមួយញញួរយ៉ាងដំណំ ដូច្នោះដែរ ។ តែប៉ុណ្ណេះ ល្មមរាងចាលហើយឬនៅ អាគំនិតពឹងដង្ហើមបរទេសនោះ” ៕