រដ្ឋមន្ត្រីពាណិជ្ជកម្ម បើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ

30021

(ក្រុងព្រះវិហារ)៖ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនវិស័យឯកជន សំដៅឆ្លើយតបគោលការណ៍នៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីពិធីបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី​នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ។

នៅក្នុងពិធីសម្ពោធ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងបានកោតសរសើររដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មាធិការបច្ចេកទេស និងវិស័យឯកជន ដែលសហការសាងសង់អគាររដ្ឋបាលថ្មីនេះឡើង។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកអគាររដ្ឋបាលថ្មីនេះ ជាមោទនភាព និងសមិទ្ធផលដ៏មានសារៈសំខាន់ សម្រាប់ខេត្តដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។

«អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មនេះ នឹងបង្ហាញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្តព្រះវិហារ ដំណាលគ្នានឹងវិស័យផ្សេងៗទៀត ដែលកំពុងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍជាលំដាប់» ។

លើសពីនេះ ឯកឧត្តម​រដ្ឋ​មន្ត្រី​ក៏បានបង្ហាញជំនឿថា អគាររដ្ឋបាលថ្មីនេះ នឹងផ្តល់កម្លាំងចិត្តដល់មន្ត្រី ព្រមទាំងរួមចំណែកលើកស្ទួយប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ នៅក្នុងខេត្តព្រះវិហារផងដែរ។

«ខ្ញុំជឿជាក់ថា បន្ទាប់ពីមានអគាររដ្ឋបាលថ្មី ដែលជាកន្លែងធ្វើការមានលក្ខណៈសមរម្យជាងមុន មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មរបស់យើង នឹងខិតខំបំពេញការងារកាន់តែស្វាហាប់ ដើម្បីបម្រើសេវាជូនបងប្អូនអាជីវករ ផលិតករ និងពាណិជ្ជករ គ្រប់មជ្ឈដ្ឋាន» ។

យោងតាមរបាយកាណ៍មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ បានឲ្យដឹងថាអគាររដ្ឋបាលថ្មី ដែលទើបនឹងដាក់សម្ពោធឲ្យប្រើប្រាស់ថ្ងៃនេះ មានកម្ពស់ ១ជាន់ និងមានទំហំសរុប ៥៤៤ម៉ែត្រការ៉េ បានប្រើពេលវេលាសាងសង់ប្រមាណជាង ៦ខែ។ អគារនេះ មានបំពាក់ទៅដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអ៊ិនធើណេតល្បឿនលឿន ហើយចែកចេញជា ១២បន្ទប់ រួមមាន៖ សាលប្រជុំ ១ បន្ទប់ទទួលភ្ញៀវ ១ ការិយាល័យធ្វើការ ៨ ឃ្លាំង ១ និងបន្ទប់ទឹក ១៕

 30018

 30017

 30026

 30019

 30030

 30029

 30028

 30027

 30022

 30023

 30024

 30016

 30025

 30020