ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យ លោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម

30080

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូថៃរួចមក នៅរសៀលថ្ងៃ២០ ខែមីនា ឆ្នាំ២០១៨ ដដែលនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកម្មវិធីថ្នាក់ជាតិ ដើម្បីពិនិត្យមើលពីតម្រូវការជំនួយបច្ចេកទេស និងកម្ចីសម្រាប់អនុវត្តគម្រោងឆ្នាំ២០១៩-២០២១ខាងមុខ។

លោក Jiangfeng Zhang ប្រធានប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា ឆ្នាំ២០១៨នេះ ជាឆ្នាំចុងក្រោយនៃកម្មវិធីភាពដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់២០១៤-២០១៨ ហើយធនាគារកំពុងធ្វើការរៀបចំឡើងវិញនូវផែនការយុទ្ធសាស្រ្តភាពជាដៃគូជាមួយកម្ពុជាសម្រាប់ឆ្នាំ ២០១៩-២០២១ បន្តទៀតដោយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៨នេះ។ ខាងធនាគារបានពិនិត្យឃើញថា វិស័យកសិកម្ម ការអភិវឌ្ឍជនបទ និងការគ្រប់គ្រងធនធានធម្មជាតិ នៅកម្ពុជា នៅតែជាវិស័យអាទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ដោយពិនិត្យ ឃើញថាកម្ពុជាកំពុងឈានដល់ប្រទេសដែលជំរុញការប្រកួតប្រជែងលើផ្នែកកសិពាណិជ្ជូបនីយកម្ម លោកនិងក្រុមការងារក៏នឹងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដែលឆ្លើយតបទៅនឹងតម្រូវការដាំដុះតាមតំបន់នីមួយៗជាក់ស្តែងផងដែរ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការរីករាយដែលធនាគារបានដើរតួនាទីជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ មានប្រសាសនាពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវកង្វល់របស់ក្រសួងចំពោះកសិករខ្នាតតូច ដែលប្រឈមនឹងការស្ទុះឡើងនៃកម្រិតសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងលទ្ធភាពនៃការរកប្រាក់ចំណូលរបស់ពួកគាត់នៅមានកម្រិត ដូច្នេះក្រសួងកំពុងមានការយកចិត្តទុកដាក់ក្នុងការស្វែងរកទីផ្សារ និងជំរុញឲ្យកសិករធ្វើការផ្លាស់ប្តូរពីមុខដំណាំដែលមានចំណូលទាប ទៅដំណាំដែលបានចំណូលខ្ពស់ និងទទួលបានទិន្នផលខ្ពស់ស្របនឹងតម្រូវការទីផ្សារ។ នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវតម្រង់ទិសទៅនឹងតម្រូវការចាំបាច់របស់ទីផ្សារ ទើបហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រនោះមានប្រសិទ្ធភាព និងនិរន្តភាព។ ជាមួយគ្នានេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យធនាគារអភិវឌ្ឍអាស៊ីពិចារណាបញ្ជូលការសិក្សាពីការរៀបចំផែនទីតំបន់ដាំដុះ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគទុន និងជំរុញការគ្រប់គ្រងនិងអភិវឌ្ឍការដាំដុះកាន់តែប្រសើរឡើង។ ដោយឡែកបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ជាចំណុចសំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ផងដែរ តែធនធានថវិកាសម្រាប់ការស្រាវជ្រាវរបស់ក្រសួងនៅមានកម្រិត ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗ ជាពិសេសការស្រាវជ្រាវលើប្រភេទដំណាំដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យខាងធនាគារ បញ្ជូលសកម្មភាពនេះចូលក្នុងគម្រោងក្រោយផង ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍នោះមានភាពទូលំទូលាយនិងប្រទាក់ក្រឡា។

 30077

 30076

 30079

 30078