ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យលោក Toshiki Fujimoto លេខាទី២ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលសម្តែងការគួរសម

31166

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោក Toshiki Fujimoto លេខាទី២ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលសម្តែងការគួរសម ជម្រាបលាឯកឧត្តមរដ្ឋមន្ត្រីក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា និងណែនាំលោក Kengo Matsuda ដែលត្រូវបានតែងតាំងជាលេខាទី២ ក្នុងអាណត្តិបន្ត។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីតាមរយៈលោក Fujimoto បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនេះតែម្តង។ ដោយក្តីរីករាយ និង
នឹករលឹក ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងនូវអនុស្សាវរីយ៍ចាស់ៗ ដែលឯកឧត្ដមរដ្ឋមន្ត្រីទទួលបានក្នុងការធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសជប៉ុន ការចូលរួមកិច្ចប្រជុំ ការអនុវត្តគម្រោងជាច្រើនជាមួយអ្នកជំនាញ និងអង្គការជប៉ុនបានជោគជ័យនាពេលកន្លង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយរាជរដ្ឋាភិបាលជប៉ុននិងបន្តជាលក្ខណៈយូរអង្វែង ដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែរីកចម្រើន កាត់បន្ថយភាពក្រីក្រ។

នាក្នុងឱកាសនេះ លោក Fujimoto បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសប្រជាជនកម្ពុជាដែលបានផ្តល់នូវបរិយាកាសយ៉ាងល្អប្រសើរសម្រាប់រូបលោកក្នុងរយៈពេល ៣ឆ្នាំនៃបេសកកម្មរបស់លោកនៅកម្ពុជា។ តាំងនាមលោកជាអ្នកជំនាញផ្នែកកសិកម្ម និងធារាសាស្ត្រកសិកម្ម លោកបានជម្រាបជូនជ្រាបឯកឧត្តមរដ្ឋមន្ត្រីថានាថ្ងៃអនាគត លោកសង្ឃឹមថានឹងមានឱកាសមកប្រទេសកម្ពុជាម្តងទៀតក្នុងនាមជាអ្នកជំនាញកសិកម្ម និងធារាសាស្ត្រកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើន។ លោកក៏បានជូនពរដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីឲ្យជួបតែសំណាងល្អ សុខភាពល្អ ជោគជ័យក្នុងរាល់ភារកិច្ច។

កិច្ចប្រជុំត្រូវបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

 31167

 31168

 31169

 31165