ភ្នំពេញ៖ បន្ទាប់ពីអតីតប្រធាន គណបក្សសង្គ្រោះជាតិ និងជាប្រធាន ចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវ បណ្ដាប្រទេសមួយ ចំនួនឲ្យកាត់ជំនួយ មកកម្ពុជានោះ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ការគំរាមកំហែងការកាត់ជំនួយ ព្រមទាំងដាក់សម្ពាធកម្ពុជា វាគ្រាន់តែជាការបង្ហាញច្បាស់ ពីការកាន់ជើងអាយ៉ងរបស់ខ្លួន ដែលជាមេក្លោង បដិវត្តន៍ពណ៌ ។
ឯកឧត្តម សុខ ឥសាន បានលើកឡើង ក្នុងតេឡេក្រាម គ្រុបអ្នកសារព័ត៌មាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ថា ដូច្នេះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល មិនអាចទទួលយកបាន នូវការចាប់បង្ខំណាមួយ ពីមជ្ឈដ្ឋានអគតិខាងក្រៅ ឲ្យបោះបង់ចោលគោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខ របស់ប្រជាជនជាដាច់ខាត ។
ឯកឧត្តម ថា “ការគំរាមកំហែង និងការកាត់ជំនួយ ព្រមទាំងការដាក់សម្ពាធ មកលើរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន វាគ្រាន់តែបង្ហាញច្បាស់ពីការកាន់ជើង អាយ៉ងរបស់ខ្លួន របស់មេក្លោងបដិវត្តន៍ពណ៌ និងបក្ខពួកនៅក្នុងក្របខណ្ឌ ប្រកួតប្រជែង មនោគមន៍វិជ្ជា លើពិភពលោកតែប៉ុណ្ណោះ ដោយមិនយកភ្នែកមើល ពីអំពើល្មើសច្បាប់ របស់ពួកមេដឹកនាំ បក្សប្រឆាំង” ៕