ប្រជាពលរដ្ឋសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឲ្យដំណើរការជាបណ្ដោះអាសន្នផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត-សិរីសោភ័ណ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤ មេសា ដល់ថ្ងៃទី១ សីហា ឆ្នាំ២០១៨

32499

នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពីធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកំណាត់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ទៅសិរីសោភ័ណ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុន Royal Railway ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

កំណាត់ផ្លូវដែកពីក្រុងប៉ោយប៉ែត ទៅសិរីសោភ័ណនេះ មានប្រវែង៤៨គីឡូម៉ែត្រ មានស្ថានីយ៍ចំនួន ០៦ រួមមាន ស្ថានីយ៍សិរីសោភ័ណ ស្ថានីយ៍ទឹកថ្លា ស្ថានីយ៍សាលាសំរោង ស្ថានីយ៍សូភី ស្ថានីយ៍កូប និងស្ថានីយ៍ប៉ោយប៉ែត ដោយប្រើថេរវេលា១ម៉ោងនិង១៥នាទី ក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបានប្រមាណ១០០នាក់ ចេញដំណើរមួយថ្ងៃ០៣ជុំ ស្មើនឹង០៦ជើងក្នុងជំហានដំបូង។

ការដាក់ឲ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ដោយសារប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកំណាត់ផ្លូវដែកមួយខ្សែនេះត្រូវបានដាក់ដំណើរការជាថ្មីម្តងទៀតបន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមរយៈពេល៤៥ឆ្នាំ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលមានភូមិស្ថានអមសងខាងផ្លូវដែកនេះ បន្តសហការដើម្បីឲ្យគម្រោងនេះអាចសម្រេចបានជោគជ័យជាស្ថាពរ និងជួយថែរក្សាសម្បត្តិដ៏មហាសាលនេះឲ្យបានគង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្នចំពោះកូនចៅក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើកំណាត់ផ្លូវនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ថ្ងៃទី១ សីហា ២០១៨៕

 32497

 32496

 32495

 32494

 32502

 32500

 32501

 32504

 32505

 32506