អបអរសាទរពិធីសម្ពោធជាផ្លូវការអគារធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។ ភ្ញៀវកិត្តិយសចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា តំណាងមន្ទីរជុំវិញខេត្ត គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និស្សិត សរុបប្រមាណ ៤៥០ រូប។
សាខាធនាគារជាតិនៃកម្ពុជាខេត្តព្រៃវែង ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីរួមចំណែកស្តារសកម្មភាពសេដ្ឋកិច្ច បន្ទាប់ពីខឿនសេដ្ឋកិច្ចនិងសង្គមត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្នុងរបប ប៉ុល ពត។
ដោយសារសុខសន្តិភាពនិងស្ថិរភាពនយោបាយយ៉ាងរឹងមាំ សកម្មភាពសេដ្ឋកិច្ចបានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ខេត្តព្រៃវែងដែលជាខេត្តមានសក្តានុពលផ្នែកកសិកម្ម ក៏ទទួលបានការរីកចម្រើនជាលំដាប់ផងដែរ។ បច្ចុប្បន្ន ខេត្តព្រៃវែងមានគ្រឹះស្ថានធនាគារ ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៩ និងក្រុមហ៊ុន-សហគ្រាសជាច្រើនទៀត។ ដើម្បីគាំទ្រនិងជំរុញការរីកចម្រើនទាំងនេះ ធនាគារជាតិនៃកម្ពុជា បានពង្រឹងសមត្ថភាពសាខារាជធានី-ខេត្តជាបន្តបន្ទាប់។ ជាក់ស្តែង នៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រៃវែង ត្រូវបានកសាងឡើងថ្មីនិងដាក់ឱ្យដំណើរការ ជំនួសឱ្យអគារចាស់ទ្រុឌទ្រោមសល់ពីសម័យបារាំងមក។ សមិទ្ធផលថ្មីនេះនឹងចូលរួមកាន់តែសកម្មថែមទៀត គាំទ្រការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកសោភ័ណភាពខេត្ត។ អគារសាខាថ្មីនេះ នឹងបម្រើជាឃ្លាំងដ៏រឹងមាំសម្រាប់រក្សាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងនិងសម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ឯកឧត្តម ជា ចាន់តូ ៖ អបអរសាទរពិធីសម្ពោធជាផ្លូវការអគារធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រៃវែង
