ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យចូលជួបសម្តែងការគួរសម

33192

ល្ងាចថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តស្វាគមន៍ជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកជំទាវ ឯកឧត្តមរដ្ឋមន្រ្តីបាន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីដែលបានជួយគាំទ្រ និងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាឯកសារស្តីពីអនុស្សរណនៃការយោគយល់គ្នា (MOU) នឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅចូលរួមក្នុងសនិ្នសីទនៃសហភាពអឺរ៉ុបនៅទីក្រុងអ៊ីស្តង់ប៊ូលក្នុងអំឡុងខែតុលាខាងមុខ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោកជំទាវដោយសង្ខេបអំពីស្ថានភាពជារួមនៃវិស័យកសិកម្ម ដោយឡែកផលិតកម្មដំណាំស្រូវ និងដំឡូងមីដែលក្រសួងសម្រេចបាននាឆ្នាំកន្លងមក និងរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួងក្នុងនោះមានអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ អគ្គនាយកដ្ឋានកៅស៊ូ រដ្ឋបាលព្រៃឈើ និងរដ្ឋបានជលផល។ល។ និងនៅមាននាយកដ្ឋានមួយចំនួនទៀតដែលជាសេនាធិការចំណុះឲ្យក្រសួង។ ដោយឡែកចំពោះស្ថានភាពសេដ្ឋកិច្ច និងនយោបាយនាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ប្រទេសមានសុខសន្តិភាព សេរីភាព សាមគ្គីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែងប្រជាពលរដ្ឋបានចូលរួមអបអរសាទរ យ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបបានបញ្ចប់នាប៉ុន្មានថ្ងៃកន្លងមកនេះ។ សំខាន់ជាងនេះ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្រ្តអាណត្តិទី៦ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ។
លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការអភិវឌ្ឍវិស័យកសិកម្មដែលក្រសួងសម្រេចបាន និងជាពិសេសការ ថែរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា អំឡុងបេសកកម្មការទូតរបស់លោកជំទាវក្នុងព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំ និងល្អប្រសើរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ តាមរយៈស្ថានភាពភូមិសាស្រ្តបង្ហាញថាប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា តែលោកជំទាវនឹងព្យាយាមឲ្យអស់លទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបច្ចេកទេស នយោបាយ និងការទូត សង្ឃឹមថាប្រទេសយើងទាំងពីរមិនឆ្ងាយដូចជាភូមិសាស្រ្តនោះទេ នាពេលអនាគត។
ដូចគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈលោកជំទាវ សង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីនឹងផ្តល់ការគាំទ្រ និងជួយប្រទេសកម្ពុជាទាំងផ្នែកនយោបាយ បច្ចេកទេស និងការទូតដើម្បីបន្តអភិវឌ្ឍប្រទេសមួយនេះឲ្យឈានទៅសម្រេចនូវគោលដៅថាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងសូមជូនពរលោកជំទាវឯកអគ្គរដ្ឋទូតទទួលបានសេចក្តីសុខ ចម្រើន និងជោគជ័យក្នុងឱកាសបំពេញបេសកកម្មការងារការទូតក្នុងព្រះរាជាណាចក្រកម្ពុជា។
ជំនួបការទូតត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា សាមគ្គីភាព ភាតរភាព និងសហប្រតិបត្តិការល្អប្រសើរ។

 33193

 33190

 33189

 33191