ពលរដ្ឋខ្វះខាតជិត៣០០នាក់ ត្រូវបានអភិបាលខេត្តពោធិ៍សាត់ផ្តល់ស្បៀងជូន ក្នុងឱកាសខួបគម្រប់៤ឆ្នាំ នៃការដឹកនាំខេត្ត


ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកជំទាវ ជុក សុផានី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោក លោកស្រី អភិបាលរងខេត្ត នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងជួយដោះស្រាយស្រាយទុកកង្វល់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀង ជូនដល់ពលរដ្ឋខ្វះលទ្ធភាពពិតប្រាកដ ជិត៣០០នាក់ ដែលរដ្ឋអំណាចមូលដ្ឋាន បានបញ្ជូនឈ្មោះមក។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមលោកជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានប្រជាពលរដ្ឋ ជាង៤៧ម៉ឺននាក់ រស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាពតែមួយ តែងតែផ្តោតការយកចិត្តទុកដាក់ និងជួយទំនុកបម្រុងពលរដ្ឋ គ្រប់កាលទេសៈ។ ឯកឧត្តមបានបន្ថែមថា ទោះបីជាការជួយនេះ មានកម្រិតតិចទួចក្តី ក៏យើងត្រូវមានវប្បធម៌ចែករំលែក ទៅតាមស្ថានភាពជាក់ស្តែង ក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជនចាស់ជរាគ្មានទីពឹង ដើម្បីយកទៅទទួលទានបានមួយគ្រា។

ឯកឧត្តមបានបន្ថែមទៀតថា យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធិផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបន្តថា មិនដូចជនអគតិមួយចំនួន តែងតែសន្យានេះ សន្យានោះ មិនបានជួយអភិវឌ្ឍន៍អ្វីទាល់តែសោះ គឺពួកគេមានតែញុះញ៉ង់ បង្កអសន្តិសុខក្នុងសង្គម ហេតុនេះសូមបងប្អូនត្រូវតែមានទំនុកចិត្តលើរដ្ឋអំណាចមូលដ្ឋាន ជាពិសេសលោក ដែលជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។

ក្នុងឱកាសនោះ បើផ្អែកតាមចំនួនប្រជាពលរដ្ឋ ដែលរដ្ឋអំណាចមូលដ្ឋាន បានបញ្ជូនឈ្មោះមកនោះ មានចំនួនជិត៣០០នាក់ គឺសម្រាប់តែថ្ងៃនេះ ដោយម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម ដែលសកម្មភាពនេះ រូបឯកឧត្តមតែងតែអនុវត្តន៍ជាប្រចាំ តាំងពីមកកាន់តំណែង ក្នុងយន្តការដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ គិតមកដល់ថ្ងៃនេះ មានរយៈពេល ៤ឆ្នាំ (០៧ ឧសភា ២០១៤-០៧ ឧសភា ២០១៨) ដែលត្រូវបានមន្ត្រីសាលាខេត្ត រៀបចំធ្វើខួបអបអរសាទរផងដែរ៕ (Ti Amo)