និស្សិតMBAចំនួន៣១រូបមកពីសាកលវិទ្យាល័យSKK GBS Sungkyunkwan(ទីក្រុងសេអ៊ូល) បានមកស្វែងយល់អំពីការរីកចម្រើននៅកម្ពុជា


ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតMBAចំនួន៣១រូបមកពីសាកលវិទ្យាល័យSKK GBS Sungkyunkwan ដែលជាសាកលវិទ្យាល័យបង្រៀនកម្មវិធីថ្នាក់MBAកម្រិតអន្តរជាតិមួយ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋ កូរ៉េ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង។

កម្មវិធីបង្រៀនថ្នាក់MBAនៃសាកលវិទ្យាល័យនេះ រួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនSamsung និងមាននិស្សិតចំនួនពាក់កណ្តាលមកពីចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក ថៃ ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

ការជួបសំណេះសំណាលរបស់ក្រុមនិស្សិតទាំងនេះ មានគោលបំណងស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍ និងការរីកចម្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនក្រុមនិស្សិតអំពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាគិតជាមធ្យម៧.៧%ក្នុងមួយឆ្នាំក្នុងរយៈកាលជាច្រើនទសវត្សកន្លងទៅ ជាមួយនឹងរបបគ្រប់គ្រងការវិនិយោគបើកចំហនៅក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើការកត់សម្គាល់ផងដែរអំពីស្ថានភាពនៃការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរឹងនៅកម្ពុជានាពេលបច្ចុប្បន្នរួមមាន៖ ការស្តារ និងពង្រីកបណ្តាញផ្លូវថ្នល់តភ្ជាប់ទៅ កាន់បណ្តាប្រទេសអាស៊ាន គម្រោងផ្លូវល្បឿនលឿន និងការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើសុំឱ្យក្រុមនិស្សិតក្នុងដំណើរត្រឡប់ទៅកាន់មាតុប្រទេសរបស់ខ្លួនវិញធ្វើ ជាឯកអគ្គរដ្ឋទូតសុឆន្ទះជួយពាំនាំសារទៅប្រាប់មិត្តភ័ក្ត សហសេវិក បងប្អូន ក៏ដូចជាពលរដ្ឋរបស់ខ្លួនផ្សេងទៀតឱ្យបានដឹងអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។