ទិវាវាយតម្លៃ ទទួលស្គាល់ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ “ផ្តល់សុវត្ថិភាព បន្ថែម​ទៀតដល់​ពិភព​លោក (Delivery a Safer World)”


បន្ទាប់ពីដំណើរការអស់រយៈពេលមួយរសៀលថ្ងៃព្រហស្បតិ៍ ១០កើត​ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០១៨ និងមួយព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ នៅព្រឹកថ្ងៃដដែល ទិវាវាយតម្លៃ ទទួលស្គាល់ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ “ផ្តល់សុវត្ថិភាព បន្ថែម​ទៀតដល់​ពិភព​លោក (Delivery a Safer World)” ត្រូវបានប្រារព្វពិធីបិទ ក្រោមអធិបតីភាព លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម នៅទីស្តីការក្រសួង ។
មានប្រសាសន៍បិទអង្គពិធីនាឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ ឡាយ ណាវីន បានបញ្ជាក់ថា៖ក្រោយពីបានបញ្ចប់ទិវាវាយ តម្លៃទទួលស្គាល់ពិភពលោកសម្រាប់ឆ្នាំ ២០១៨នេះ លោកជំទាវមានជំនឿជឿជាក់ ថា សមាជិកអង្គពិធីទាំងអស់ នឹងទទួលបាន ចំណេះ ដឹង និងបទពិសោធន៍ ពីវាគ្មិនដែលជាអ្នកជំនាញមកពីស្ថាប័ន PTB អ្នកជំនាញ មកពីក្រុមហ៊ុន SGS (Cambodia) Limited. ឯកឧត្តម អស់លោក មកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ក្រសួងពាណិជ្ជកម្ម ប្រកបដោយបទពិសោធន៍ក្នុងវិស័យវាយតម្លៃទទួលស្គាល់ និងវាយតម្លៃ ភាពអនុលោម ដែលមានទំនាក់ទំនងជាមួយពាណិជ្ជកម្មអន្តរជាតិ ដើម្បីរួមគ្នាដំណើរការ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិកម្ពុជា ក្នុងដំណើរការផលិតនូវផលិតផលក្នុងស្រុកប្រកបដោយគុណភាពដើម្បីប្រើប្រាស់ និង នាំចេញទៅកាន់ទីផ្សារ ASEAN ក៏ដូចជា ទីផ្សារពិភពលោកផងដែរ។
ខ្ញុំសង្ឈឹមថា ចំណេះដឹងដែល លោកជំទាវ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ទាំងអស់ បានទទួលពីកម្មវិធីនៃទិវានេះនឹងជាឧបករណ៍ដើម្បីឲ្យក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការអនុវត្តប្រព័ន្ធវាយតម្លៃទទួលស្គាល់ប្រទេសកម្ពុជា យើងឲ្យមានភាពរីកចំរើនដូច ប្រទេសនានានៅលើពិភពលោក។ ចំពោះអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលអនុវត្តសេវាបញ្ញាត្តកម្ម និងវាយតម្លៃភាពអនុលោមតាមស្តង់ដារពាក់ព័ន្ធផ្សេងៗ ជូនដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឧស្សាហកម្ម សិប្បកម្ម កសិដ្ឋាន និងសេវាកម្ម នឹងយល់កាន់តែ ច្បាស់ពីសារៈប្រយោជន៍នៃការទទួលបាន វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ដែលចេញដោយអង្គភាពវាយតម្លៃទទួលស្គាល់ជាតិ ដើម្បីរៀបចំ បែបបទស្នើសុំវាយតម្លៃ ទទួលស្គាល់ពីអង្គភាពវាយតម្លៃទទួលស្គាល់ជាតិ (នាយកដ្ឋានវាយតម្លៃទទួលស្គាល់) នាពេលខាងមុខ។ ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស ឧស្សាហកម្ម សិប្បកម្ម កសិដ្ឋាន និងសេវាកម្ម នឹង យល់ពីសារៈប្រយោជន៍នៃការទទួលបានវិញ្ញាបនបត្រវាយតម្លៃភាពអនុលោម ហើយនឹងធ្វើការស្នើសុំបញ្ជាក់ អនុលោមភាពតាមស្តង់ដារពីអង្គភាពវាយ តម្លៃភាពអនុលោមដែលបានទទួលការ វាយតម្លៃទទួលស្គាល់(Accredited CABs) នាពេលខាងមុខ ក្នុងន័យឲ្យផលិតផលដែលផលិតទាំងនោះ ការងារត្រូវអនុវត្តអនុលោមតាមស្តង់ដារ វិញ្ញាបនបត្រកម្ម ដែលស្ថិតក្នុងវិសាលភាពនៃការវាយតម្លៃទទួលស្គាល់ ហើយផលិតផលសេវាលទ្ធផលវិភាគ របាយការណ៍ និងការងារផ្សេងៗទាំងនោះ បានការ ទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ដូចបណ្តាប្រទេស ផ្សេងៗដែរ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣ ដោយធ្វើកំណែទម្រង់គ្រប់វិស័យ ក្នុងនោះវិស័យវាយតម្លៃទទួល ស្គាល់ គឺជា វិស័យមួយថ្មីនឹងមានសារៈសំខាន់បំផុត ដើម្បីពង្រឹងនូវសមត្ថភាពនៃអង្គភាពវាយតម្លៃភាពអនុលោម (CABs) ជួយគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ក្នុងការនាំចេញ នាំចូល នូវទំនិញគ្រប់ប្រភេទពីប្រទេសកម្ពុជា និងចូល មកប្រទេសកម្ពុជា ដែលជាផល បច្ច័យល្អធ្វើឲ្យអ្នកជំនួញគ្រប់ប្រភេទអាច នាំចេញផលិតផលទៅកាន់ទីផ្សារក្នុង ស្ថានភាពស្ថេរភាពរឹងមាំ និងជាពិសេស ប្រជាជនទាំងក្នុង និងក្រៅប្រទេស ទទួល បាននូវទំនិញ និងឧបករណ៍ មកប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និងផាសុខ ភាពនាពេលអនាគត។ បន្ថែមលើសពីនេះទៀត អាចជួយគាំទ្រកាត់បន្ថយនូវហានិភ័យផ្សេងៗលើគ្រប់ការងារ ការគ្រប់គ្រង និងសេវាផ្សេងៗ ស្ទើរគ្រប់វិស័យ នៃសេដ្ឋកិច្ចជាតិ។
ក្នុងនាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកជំទាវរដ្ឋលេខាឡាយ ណាវីន បានស្នើដល់អង្គពិធីសូមចូលរួមសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីបង្កើនល្បឿននៃសកម្មភាពវាយតម្លៃ ទទួលស្គាល់នៅកម្ពុជា ឲ្យរីកចំរើនទាន់ប្រទេសនានាលើពិភពលោក ក៏ដូចជា រួមចំណែកអនុវត្តនូវហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (National Quality Infrastructure – NQI) ឲ្យបានទទួល ជោគជ័យ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តនូវសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន AEC ឆ្នាំ២០១៦ កន្លងមក។