គណបក្សប្រជាជនកម្ពុជាស្រុកកោះញែក ទទួលសមាជិកថ្មីចំនួន៦៥នាក់


មណ្ឌលគិរី៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ហើយចេះរួមសុខរួមទុក្ខជាមួយប្រជាពលដ្ឋ និងបានកសាងប្រទេសជាតិ ចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះៗ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដោយមើលឃើញដូច្នេះ សមាជិកគណបក្សនយោបាយចំនួន៦៥នាក់ មកពីគណបក្សបី ផ្សេងៗគ្នា បានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី របស់ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅឃុំរយ៉ ស្រុកកោះញែក ក្រោមវត្តមាន លោក ស៊ិន វណ្ណវុឌ្ឍ ប្រធានគណបក្សស្រុកកោះញែក និងក្រុមការងារចុះជួយឃុំ នាថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៨។

នាឱកាសនោះ លោក ស៊ិន វណ្ណវុឌ្ឍ ប្រធានគណបក្សស្រុកកោះញែក បានទទួលស្វាគមន៍ចំពោះ សមាជិក សមាជិការចំនួន ៦៥នាក់ មកពីគណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ិនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលចូលមកជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីៗដើម្បីប្រជាជន និងចេះរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ជាពិសេស ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ទទឹមនឹងនេះដែរ លោក ប្រធានគណបក្សស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតីកាលទី៦ ដែលប្រព្រឹត្តទៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា សមាជិកគណនយោបាយចំនួន៦៥នាក់ មកពីគណបក្សចំនួនបី ដែលត្រូវប្រកាស ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា រួមមានះ គណបក្សសង្គ្រោះជាតិចំនួន៥៧នាក់ គណបក្សហ្វ៊ិនស៊ិនប៉ិច ចំនួន ០៥នាក់ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន០៣នាក់ផងដែរ៕