លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាង អាចារ្យ-អាចារិនី ចំនួន ១.០០០រូប


លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាង អាចារ្យ-អាចារិនី មកពីទូទាំងប្រទេស ចំនួន ១.០០០រូប នៅសាលសន្និសីទចតុម្មុខ, ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ផងដែរ និងបានមានប្រសាសន៍ថា ការកសាងសមត្ថភាព អាចារ្យ ពិតជា ជួយលើកតម្កើងការថែររក្សាទំនៀមទំលាប់ប្រពៃណី និងអរីយធម៌ វប្បធម៌ និងសាសនា របស់ជាតិយើង ដែលជាមូលដ្ឋានដ៏សំខាន់រួមចំណែកកសាងវិបុលភាពសង្គម សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព និងរក្សាបាននូវភាពសុខសាន្ត សុភមង្គល និងសុខដុមរមនាសម្រាប់ប្រទេសជាតិយើងផងដែរ ហើយក៏ជាផ្នែកមួយក្នុងការរួមចំណែកក្នុងការលើស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាព រីកចម្រើនបន្ថែមទៀត។ លោកជំទាវបានបន្តទៀតថា ទោះបីជាប្រទេសយើងមានវិបត្តិខ្វះអាចារ្យ ជាពិសេស អាចារ្យដែលចេះដឹងជ្រៅជ្រះពីក្បួនតម្រា និងរបៀបរៀបចំនានា។ ប្រកានេះតម្រូវឲ្យមានអន្តរាគមន៍ និងការតម្រង់ទិសពីរាជរដ្ឋាភិបាល តាមរយៈ ការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដើម្បីឲ្យការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ ដូចជាពិធីមង្គលការ ពិធីបុណ្យសព បុណ្យចំរើនព្រះជន្ម ពិធីឡើងគេហដ្ឋានថ្មី ឬពិធីផ្សេងៗ ឱ្យមានការឯកភាពគ្នា អនុលោមតាមក្បួនតម្រាពីបុរាណ និងឯកសារដែលនៅសេសសល់ និងដើម្បីឲ្យការប្រារព្ធពិធីមង្គល និងពិធីបុណ្យផ្សេងៗនោះ ផ្តល់សេចក្តីសុខចំរើន និងសេរីមង្គល ដល់អ្នកដើមបុណ្យផង និងរំលេចចេញនូវអត្តសញ្ញាណរបស់ជាតិយើងយ៉ាងពិតប្រាកដផង។