ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម បណ្ឌិត អ៊ឹង អេង ហេន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសិង្ហបុរី


(សិង្ហបុរី)៖ នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទី ១ នៃដំណើរទសន្សកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តមបណ្ឌិត អ៊ឹង អេង ហេន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសិង្ហបុរី ។

ក្នុងជំនួបនេះ ឯឧត្តមរដ្ឋមន្រ្តី បានកោតសសើរចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជាក្រោយពេលដែលប្រទេសនេះទទួលបានសន្តិភាពពេញលេញ ហើយ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលតែងតែគាំទ្រ និងជាដៃគូដ៏ល្អក្នុងការថែរក្សាសន្តិសុខក្នុងតំបន់។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរីដែលតែងតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងជាដៃគូសហប្រតិបត្តិការដ៏ល្អ ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងពង្រឺងទំនាក់ទំនងក្នុងវិស័យសន្តិសុខកាន់តែល្អប្រសើរនាពេលអនាគត។