មន្ត្រីនគរបាលអំពាវនាវឲ្យប្រជាពលរដ្ឋ ជឿជាក់លើសមត្ថកិច្ច ក្នុងករណីឃាតកម្ម លោក កែម ឡី


PM 15 07 16 2 copy

     មន្ត្រីនគរបាលជាន់ខ្ពស់ បានអំពាវនាវដល់ពលរដ្ឋឲ្យមានជំនឿលើសមត្ថកិច្ចជាតិ ក្នុងករណីឃាតកម្មលើលោក កែម ឡី ដែលជាអ្នកវិភាគនយោបាយមួយរូប ។

     ការអំពាវនាវរបស់អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងជាអ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីមានការលើកឡើង របស់អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកនយោបាយខ្លះផង ចង់ឲ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតករណីនេះ ។

     វេបសាយនគរបាលជាតិ ដកស្រង់ប្រសាសន៍នាយ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ទៀតថា កម្ពុជាគឺជាប្រទេសឯករាជ្យ និងអធិបតេយ្យ មួយដែលមិនអាចរណបឡើយ ដូច្នេះយន្តការ និងប្រតិបត្តិការរបស់ស្ថាប័នជាតិគឺជារឿងគួរឲ្យមោទភាព ។

     ករណីឃាតកម្មលើរូប លោក កែម ឡី នេះក៏ជាការ ឈឺចាប់និង មានការសោកស្តាយរបស់ពលរដ្ឋខ្មែរ រួមទាំងនគរបាលផងដែរ ហើយក៏ជាករណីប៉ះពាល់ដល់កិត្តយស របស់សមត្ថកិច្ចនគរបាលថែមទៀត ។ ដូច្នេះហើយបានជាកងកម្លាំងនគរបាលបាន និងកំពុងធ្វើកិច្ចប្រតិបត្តិការយ៉ាងសកម្ម ក្នុងការស្រាវជ្រាវវែកមុខឃាតករនិងអ្នកពាក់ព័ន្ធ ដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ ក៏ដូចជាការលើកស្ទួយកិត្តិយសនគរបាលជាតិ ។

     គួបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៥០នាទី ស្ថិតនៅក្នុងផ្សាស្ថានីយ៍ប្រេងសាំងកាល់តិច ភ្លើងស្តុបបូកគោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ ភ្លាមៗនោះ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ លោក កែម ឡី

     តាមការសារភាពរបស់ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួននោះ គឺជាឃាតករបាញ់សម្លាប់ លោក កែម ឡី ដោយកាំភ្លើងខ្លីចំនួន ២គ្រាប់ ទី១. ត្រូវក្បាលបៀមគ្រាប់ និងទី២. ត្រូវដើមដៃធ្លាយមកក្រោមដោះ ។ ជនសង្ស័យក៏បានប្រាប់ឈ្មោះផងដែរគឺ ឈ្មោះ ជួប សម្លាប់ ហើយការធ្វើឃាត លោក កែម ឡី នេះ គឺដោយសារ ទាក់ទងរឿងជំពាក់ប្រាក់ ។

     ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចពុំទាន់ជឿទាំងស្រុង នូវចម្លើយសារភាពរបស់ជនសង្ស័យនេះនៅឡើយទេ ហើយកំពុងបន្តប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានតុលាការចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុនកាន់កាប់ ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត តាមមាត្រា ២០០ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសទាំងនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ ជាមួយគ្នានេះ បុគ្គលដែលលក់អាវុធឲ្យខ្មាន់កាំភ្លើង ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទលក់ដូរអាវុធគ្មានការអនុញ្ញាត តាមមាត្រា២០ ច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវផងដែរ ។

PM 15 07 16 3 copy  PM 15 07 16 4 copy