មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ១៦៥នាក់ ត្រូវបានទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១០ រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំនូវពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី “ការ បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តថវិកាតាមកម្មវិធីលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណូល មិនមែនសារពើពន្ធ លទ្ធភាពសាធារណៈ និងកិច្ចបញ្ជីការរេជ្ជទេយ្យបុរេប្រទាន” ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួង។

ឯកឧត្តម សឺន សូថា អគ្គនាយកកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ក្នុងរបាយការណ៌ថា៖ វគ្គសិក្សានេះ បានដំណើរការរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីថ្នាក់រដ្ឋបាលកណ្តាល និងមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ទាំង ២៥ រាជធានី ខេត្ត សរុបចំនួន ១៦៥ នាក់។

ក្នុងនាមសិក្ខាកាមទាំងអស់ ឯកឧត្តម អគ្គនាយក សូមសម្តែងនូវទឹកចិត្តរីករាយ និងថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជាដរាបមកតែងបង្កលក្ខណៈ និងផ្តល់ឱកាសឲ្យមន្ត្រីក្រោមឱវាទក្រសួង បានសិក្សារៀនសូត្រនូវមុខជំនាញជាច្រើន ទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែងមុខជំនាញនាថ្ងៃនេះ គឺជាការផ្តល់នូវពុទ្ធិថ្មីៗ និងបទពិសោធន៍បន្ថែមទៀត សម្រាប់ពង្រឹងសមត្ថភាពដល់មន្ត្រីយកទៅអនុវត្តតាមអង្គភាពនីមួយៗ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយ និងអបអរសាទរ ចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់ វគ្គសិក្សារបស់ខ្លួនប្រកបដោយជោគជ័យ។ ចំណេះដឹងនេះ អនុវត្តស្របតាមផែនការ សកម្មភាពការងារដំណាក់កាលទី៣ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាផែនការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅបង្កើនសមត្ថភាពដល់មន្ត្រី ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអនុវត្តថវិកាកម្មវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ កិច្ចលទ្ធកម្មសាធារណៈ ព្រមទាំងកិច្ចបញ្ជិការរេជ្ជទេយ្យបុរេប្រទាន។

ឯកឧត្តម សង្ឃឹមថា៖ មន្ត្រីទាំងអស់នឹងយកចំណេះដឹងនេះ មកអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។