កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការ ពីទួគីឲ្យបិទសាលា Zaman នៅកម្ពុជា


Zaman 20 07 16 2 copy

     មន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្រសួងមិនទាន់បានទទួលសំណើផ្លូវការណាមួយ ពីខាងភាគីទួគីនៅឡើយទេ ក្នុងការទាមទារឲ្យបិទសាលារៀន Zaman ដោយសារតែការធ្វើរដ្ឋប្រហារថ្មីៗ មិនបានសម្រេចក្នុងប្រទេសនោះ ។

     ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតទួគី បានបញ្ជាក់កាល ពីម្សិលមិញថា រដ្ឋាភិបាលទួគីមានបំណងចង់ឲ្យមានការបិទសាលាអន្តរជាតិ Zaman នៅកម្ពុជា។ លោក Irhan Khemal Tug ឯកអគ្គរដ្ឋទូតទួគី បានបញ្ជាក់ថា ការចង់បិទសាលា Zaman នៅភ្នំពេញនេះ គឺដោយសារការជាប់ពាក់ព័ន្ធ រវាងសាលានេះជាមួយចលនា លោក Gulen ដែលធ្វើរដ្ឋប្រហារនៅទួគីបរជ័យ… ហើយចលនានេះ ត្រូវគេភ្ជាប់នឹងអំពើភេរវកម្ម ។ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ថា គេនៅមិនទាន់មានសំណើជាផ្លូវការពីរដ្ឋាភិបាលទួគី ឲ្យបិទសាលា Zaman នៅឡើយទេ ។

     គួររំលឹកថា កម្លាំងប្រដាប់អាវុធទួគី បានប៉ុនប៉ងធ្វើរដ្ឋប្រហារ យោធាបណ្តេញប្រធានាធិបតីបច្ចុប្បន្ន លោក Recep Erdogan ចេញពីអំណាច ប៉ុន្តែរដ្ឋប្រហារនេះបានបរាជ័យ ហើយរដ្ឋាភិបាលបានចោទសមាជិកចលនាសង្គមអ៊ីស្លាម សេរីរបស់ លោក Fethullah Gulen ជាអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនោះថា ជាក្រុមភេរវកម្ម ។ សាលា Zaman នៅកម្ពុជាត្រូវបានបង្កើតឡើងដោយ Atilla Yusef Gulen ដែលជាអតីតអ្នកកាសែតនៅប្រទេសទួគី និងសង្ស័យថា ជាសមាជិកនៃចលនារបស់ Gulen ដែលត្រូវរដ្ឋាភិបាលទួគីចាត់ទុកថាជាភេរវករ ។ ប៉ុន្តែសាលា Zaman បានចេញលិខិតបដិសេធអំពីការគ្មានទំនាក់ទំនងផ្លូវការរវាង លោក Gulen ជាមួយសាលានោះទេ ។