នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប។
គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦នេះ គឺឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ ២៥៥.០២លាន ដុល្លារ អាមេរិក ជាហិរញ្ញប្បទានសម្បទានរបស់ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ។ កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែ កក្កដា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន មានសេចក្តីសប្បាយរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលកំណាត់ផ្លូវជាតិថ្មីមួយនេះ ដែលបានកើតចេញពីចំណងមិត្តភាពកម្ពុជា-ចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលកន្លងមកតែងតែជួយដល់ប្រទេសកម្ពុជាក្នុងការសាង ហេដ្ឋារចនាសម្ព័ន្ធ និងជួយលើវិស័យផ្សេងៗទៀតដល់កម្ពុជា។ បច្ចុប្បន្ននេះ មិត្តចិនកំពុងជួយកសាងផ្លូវដល់កម្ពុជាចំនួនប្រមាណជាង៣,០០០គីឡូម៉ែត្រ ព្រមទាំងស្ពានឆ្លងកាត់ទន្លមួយចំនួនទៀតផងដែរ។ ផ្លូវជាតិលេខ៦នេះគឺពិតជាមានសារៈសំខាន់ណាស់សំរាប់ការតភ្ជាប់ទៅកាន់បណ្តាខេត្តផ្សេងៗ ដូចជាពីភ្នំពេញមកកាន់ខេត្តកណ្តាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ព្រះវិហារ និងទៅតាមបណ្តាខេត្តផ្សេងៗជាច្រើនទៀត។
នៅព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីការខូចខាតខ្ទិចខ្ទាំនៃផ្លូវជាតិលេខ៦ក្នុងអតីតកាលសម័យសង្រ្គាម ដែលធ្វើអោយមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរព្រោះថាផ្លូវនេះមិនអាចធ្វើដំណើរបានទេ។ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ គឺសម្តេចតេជោ បានប្រែក្លាយតំបន់សមរភូមិក្តៅជាច្រើនអោយទៅជាកន្លែងដែលមានសន្តិភាព និងមានការអភិវឌ្ឍដែលប្រជាពលរដ្ឋអាចរស់នៅបានសុខស្រួល។
កន្លងមកថ្មីៗនេះ សម្តេចតេជោ បានដោះស្រាយ និងផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនូវ ផ្លូវថ្នល់ ផ្សារថ្មីដែលត្រូវបានឆេះកាលពីប៉ុន្មានឆ្នាំមុន អំណោយសាលារៀនដែលត្រូវបានផ្តល់បន្ថែមចំនួន៩ ខ្នងស្មើនឹង១២៣ បន្ទប់ ដែលអគារសាលារៀនទាំងនេះសុទ្ធតែមានកម្ពស់ពី៣ជាន់ ទៅ៤ ជាន់ សំរាប់អោយកូនចៅប្រជាពលរដ្ឋសិក្សារៀនសូត្រ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថានៅថ្ងៃខាងមុខ យើងនឹងកសាងផ្លូវមួយខ្សែទៀត ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង មកកំពង់ធំនេះ ដោយកាត់តាមទន្លេសាប ដែលតាមគម្រោងត្រូវចំណាយថវិកាសាងសង់ប្រមាណជាង១០០លានដុល្លារអាមេរិក។ ការតភ្ជាប់នេះនឹងបានធ្វើអោយប្រជាពលរដ្ឋបានធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ និងកាន់តែមានភាពងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនយូនោះទេខេត្តកំពង់ធំនេះនឹងកើតមាននូវរោងចក្រឧស្សាកម្មជាក់ជាពុំខាន ខណៈដែលបច្ចុប្បន្ននេះវិស័យទេសចរណ៍កំពុងតែចាប់ផ្តើមមានកំណើន បន្ទាប់ពីប្រាសាទសម្បូណ៍ព្រៃគុកត្រូវបានប្រកាសដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀត។ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។ ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ សូមបងបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ជាបន្តទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗ។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ដល់មន្ត្រីមានស្នាដៃល្អមួយចំនួន ដែលបានចូលរួមចំណែកក្នុងការស្ថាបនាកសាងកំណាត់ផ្លូវជាតិលេខ៦នេះ ព្រមទាំងបានផ្តល់អំណោយជូនដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងបរិយា កាសរីករាយ និងបន្ទាប់មកក៏បានអញ្ជើញរួមគ្នាជាមួយ លោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨គីឡូម៉ែត្រ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ចាប់ពីពេលនេះតទៅ៕