អាមេរិកគាំទ្រចំណាត់ការអនុវត្តច្បាប់នៅកម្ពុជា


US 20 07 16 2 copy

     សហរដ្ឋអាមេរិកបានថ្លែងគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តវិធានការច្បាប់ទាំងឡាយនៅកម្ពុជា ដើម្បីធានាថា គ្មាននរណាម្មាក់នៅក្រៅច្បាប់ឡើយ ដោយរួមទាំងពួកអ្នកនយោបាយផង ។ ការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ថម ម៉ាលីណូស្គី ធ្វើឡើងនៅក្នុងជំនួបតុមូលមួយ រវាងរូបលោកជាមួយក្រុមអ្នកសារព័ត៌មានសំខាន់ៗ នៅឯស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះ ។

     ក្នុងជំនួបនោះ លោក ថម ម៉ាលីណូស្គី បានបង្ហាញគោលជំហរមួយចំនួនរបស់អាមេរិក ចំពោះស្ថានភាពនៅកម្ពុជាបច្ចុប្បន្ន ។ ពាក់ព័ន្ធបញ្ហានយោបាយ និងការបោះឆ្នោតចំពោះវិធានការច្បាប់ ដែលរាជរដ្ឋាភិបាលបានចាត់ឡើងចំពោះអនុប្រធាន និងសមាជិកមួយចំនួនរបស់ គណបក្សសង្រ្គោះជាតិនោះ លោក ថម ម៉ាលីណូស្គី បានលើកឡើងថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវិធានការច្បាប់ទាំងឡាយ ដើម្បីធានា ថាគ្មាននរណាម្នាក់នៅក្រៅច្បាប់ឡើយ ដោយរួមទាំងពួកអ្នកនយោបាយផង ។

     ទោះយ៉ាងណា លោក ថម ម៉ាលីណូស្គី បានបន្ថែមថា អ្នកនយោបាយគ្រប់គណបក្ស ទូទាំងពិភពលោក មិនមែនតែនៅកម្ពុជាឡើយ ជាញឹកញាប់ធ្វើឲ្យមានកំហុស ។ ប៉ុន្តែនៅកម្ពុជាត្រូវបានគេមើលឃើញជារឿយៗថា មានតែមន្ត្រី ឬសកម្មជនរបស់គណបក្សប្រឆាំងប៉ុណ្ណោះ ដែលរងចំណាត់ការច្បាប់ ។ ប្រការនេះជាអ្វីដែលអាមេរិក មានក្តីបារម្ភ ។ លោកថម បានបន្តថា អាមេរិក សំណូមពរឲ្យគណបក្សនយោបាយធំទាំងពីរ ចាប់ផ្តើមបន្តអនុវត្តវប្បធម៌សន្ទនា ដើម្បីនាំយកស្ថានភាពនយោបាយ ទៅកាន់ភាពប្រក្រតីឡើងវិញ ព្រោះអាមេរិកយល់ថា វានឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតខាងមុខនេះ ប្រសិនបើមេដឹកនាំ និងមន្ត្រីមួយចំនួនរបស់បក្សប្រឆាំង នៅតែស្ពាយជាប់ខ្លួន នូវការចោទប្រកាន់នានាដូចសព្វថ្ងៃនេះ ហើយអាមេរិក មើលឃើញថា វប្បធម៌សន្ទនា គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពនឹង ប្រសើរបំផុតសម្រាប់ស្ថានភាពនយោបាយនៅកម្ពុជា ។