ដាំដើមឈើឲ្យបានយ៉ាងតិច ៦ម៉ឺនដើម នៅតំបន់អង្គរ


Tree Plant 01 08 16 2 copy

     អាជ្ញាធរជាតិអប្សរាប្តេជ្ញាដាំដើមឈើឲ្យបានយ៉ាងតិច ៦ម៉ឺនដើម នៅតំបន់អង្គរ នារដូវវស្សាឆ្នាំ ២០១៦ នេះ ។ តាំងពីដើម ខែមិថុនា ឆ្នាំ២០១៦ មក នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានសម្រុកដាំដើមឈើជាបន្តបន្ទាប់ ទាំងក្នុង និងក្រៅរមណីយដ្ឋានអង្គរ ។

     អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតមកទល់នឹងចុងខែកក្កដា នេះ មានកូនឈើជាង ៣ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងរមណីយដ្ឋានអង្គរ ហើយរហូតដល់ខែតុលា គេគ្រោងនឹងដាំកូនឈើឲ្យបានយ៉ាងតិច ៣ម៉ឺនដើមទៀត ។

     មានប្រសាសន៍ក្នុងពិធីដាំកូនឈើ ៥ពាន់ដើម នៅចន្លោះភូមិអារក្សស្វាយ និងភូមិអញ្ចាញ នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ២០១៦ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋាន នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ ឲ្យបានយ៉ាងតិច ៦ម៉ឺនដើម ក្នុងមួយឆ្នាំ ។ នាយកដ្ឋានបានអនុវត្តន៍ផែនការនេះជាបណ្តើរៗ ដោយបែងចែកការដាំ ជាពីរប្រភេទ គឺដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំ រៀងរាល់ចុងសប្ភាហ៍ និងដាំដោយប្រជាពលរដ្ឋ តាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង ។

     លោក សាមៀន បន្ថែមថា សម្រាប់ឆ្នាំ២០១៦ នេះ ក្រុមអង្កេតផ្ទៃដីទំនេរសម្រាប់ដាំដើមឈើបាន មានចំនួន ៩០ហិកតា ក្នុងនោះ ៦០ហិកតា គឺសម្រាប់ថ្នាក់ដឹកនាំ និងគណៈប្រតិភូជាតិ និងអន្តរជាតិដាំក្នុងពេល ប្រារព្ធពិធីម្តងៗ ។ ចំណែក ៣០ហិកតាទៀត សម្រាប់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំតាមស្ថានភាពជាក់ស្តែង ។ លោកបានបញ្ជាក់ថា ដើមឈើដែលគេបានដាំ នៅចន្លោះព្រៃដែលមានស្រាប់ គឺមិនអាចចូលឡានមកស្រោចបានទេ ដូច្នេះទើបគេជ្រើសរើសកូនឈើដែលអាចរស់ បានដោយមិនចាំបាច់ស្រោចទឹក ។

     ក្នុងពិធីដាំកូនឈើនេះ លោក សូ សារ៉ម ប្រធានការិយាល័យដាំឈើ បានឲ្យដឹងថា មានសិស្សនុសិស្សមកពីអនុវិទ្យាល័យ ស្រះស្រង់ចំនួន ១៥០នាក់ ប្រជាពលរដ្ឋមកពីសង្កាត់នគរធំ ១០០នាក់ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ១០០នាក់ ។ ពិធីដាំកូនឈើនេះ បានដាំលើផ្ទៃដី ២៥ហិកតា តាមចន្លោះដីព្រៃដែលទំនេរ ដែលមានប្រភេទឈើបេង កកោះ ធ្នង់ គ្រញូង គគីរ និងរំដួល សរុប ៥០០០ដើម ។

Tree Plant 01 08 16 3 copy  Tree Plant 01 08 16 4 copy

Tree Plant 01 08 16 5 copy  Tree Plant 01 08 16 6 copy

Tree Plant 01 08 16 7 copy  Tree Plant 01 08 16 8 copy